សិប្បកម្មកែច្នៃទូកត្នោត និងរទេះគោ កំពុងចំណាប់អារម្មណ៍យ៉ាងខ្លាំង
ខេត្តកំពង់ធំៈ
ដោយ៖ សេង ស៊ីដារ៉ូ
សិប្បកម្មកែច្នៃ រទេះគោចាស់ៗ
ដែលធ្វើការកែច្នៃឡើងវិញ និងដើមត្នោត ផលិតឲ្យក្លាយទៅជាទូកត្នោតនេះ
កំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់។
ហើយសិប្បកម្មកែច្នៃមួយនេះ បានធ្វើការដឹកជញ្ជូនពីកន្លែងផលិត ស្ថិតនៅក្នុងស្រុកបារាយណ៍
ខេត្តកំពង់ធំ យកមកលក់គ្រប់ទីកន្លែងសាធារណៈ ពិសេសគឺ ក្នុងរាជធានីភ្នំពេញតែម្តង។
ដើមត្នោត នៅពេលបានកែច្នៃទៅជាទូកត្នោត
អាចជិះបានមនុស្ស ២ទៅ៣នាក់ ហើយពេលនៅត្រាំក្នុងទឹកវា
មានអាយុកាលរាប់សិបឆ្នាំ។
លោក ខា បានបញ្ជាក់អំពីរទេះគោថា
ដោយឡែករទេះគោវិញ បានកែលម្អដោយធ្វើការបាញ់ និងលាបថ្នាំខ្មៅ
ឲ្យរលោង ទើបដឹកជញ្ជូនទូកត្នោត
និងរទេះគោនេះ មកលក់តាមទីប្រជុំជននានា ពិសេស គឺដឹកនាំចូលមកលក់ក្នុងរាជនីភ្នំពេញ និងក្នុងក្រុងតាខ្មៅ។
ក្នុងនោះទូកត្នោត១ មានតម្លៃលក់ចេញ ១០០ដុល្លារ មានទាំងជើងទម្រផង ចំណែករទេះគោ អាចលក់បានថ្លៃជាង
ក្នុង១រទេះ បានតម្លៃ៤០០ដុល្លារ។
លោក ខា បានបន្តថា សិប្បកម្មរបស់លោក
បានដឹកជញ្ជូនទូកត្នោត លក់អស់ចំនួនជាង៥០០ទូក និងរទេះគោ បានប្រមាណ ៦០រទេះ។ ក្នុង១លើកៗ
អាចដឹកជញ្ជូនបានទូកត្នោត ១៥ទូក និងរទេះគោបានចំនួន ២ គ្រឿង ក្នុងការដឹកជញ្ជូននេះ
គឺប្រើរ៉ឺមក ទើបបានតិច ដែលប្រើរយៈពេល៤ថ្ងៃទើបអស់។ សិប្បកម្មកែច្នៃទូកត្នោតនេះ
មានអ្នកគាំទ្រច្រើន ដែលជាផលិតផលខ្មែរ កើតឡើងពីស្នាដៃកូនខ្មែរសុទ្ធសាធ នឹងក៏បានចូលរួមអភិរក្សវត្ថុពីសម័យបុរាណ
ឲ្យបានយូរអង្វែងសម្រាប់ឲ្យកូនខ្មែរស្រករក្រោយស្គាល់ផងដែរ៕
Post a Comment