Header Ads

ផាសិន ប្រភពដើមចេញពីប្រេស៊ីល ហើយ៤០០ឆ្នាំ ក្រោយមក មានការហៅឈ្មោះខុសៗគ្នា​ទៅតាម​តំបន់



 ខេត្តមណ្ឌលគិរីៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ដើមផាសិន ឬក្រូចផាសិន ឬក្រូចវ័ល្ល ដែលមានប្រភពដើមពីប្រទេសប្រេស៊ីល ហើយកំពុង​ពេញនិយម​ដាំដុះ​ដំណាំនេះ នៅក្នុង​ប្រទេសកម្ពុជា ពិសេស គឺខេត្តមណ្ឌលគិរី តែម្តង។

នៅស.វទី១៦ រុក្ខជាតិនេះ មានឈ្មោះមុនដំបូងគេ គឺជា រុក្ខជាតិផ្កាស្រទាប់ប្រាំ។ ហើយ ៤០០ឆ្នាំ ក្រោយមក​ត្រូវបានគេនិយមដាំគ្រប់ទីកន្លែងនៃតំបន់ត្រូពិច ដោយមានឈ្មោះផ្សេងៗគ្នា ទៅតាមតំបន់ដូចជា នៅ​ប្រទេស​​ប្រេ​​​ស៊ី​​​ល និងអេត្វាទ័រ គេហៅថា Maracuya នៅណ័រវេសឺឡង់ គេហៅថា Parcha នៅកោះ​ហាវៃ​គេហៅថា Lilikoi និងនៅកោះព័រតូរីកូ ហៅថា Chinola or Parchita

ក្នុងឆ្នាំ១៩៥១ សាកលវិទ្យាល័យហាវៃ បានជ្រើសរើសផ្លែផាសិននេះ ជាដំណាំជោគជ័យបំផុត ក្នុងការអភិ​វឌ្ឍ​កសិកម្ម និងបានធ្វើកម្មវិធីបង្កើតទឹកផ្លែឈើផាសិន។ ដោយឆ្នាំ១៩៥៨ រោងចក្របានពង្រីកគ្របដណ្តប់ ៤៩០ហិកតា និងឧស្សាហកម្មនេះ ត្រូវបានបង្កើតយ៉ាងធំ និងជោគជ័យបំផុត។

បច្ចុប្បន្ននេះ ផ្លែផាសិន កំពុងពេញនិយមក្នុងការហូប ដោយមានការដាក់នៅតាមម៉ាតធំៗ ឬកន្លែងលក់ផ្លែ​ឈឹ​ផ្សេងៗលើទីផ្សារ។ ដោយឡែកប្រទេសកម្ពុជាយើង មានការដាំដើមផាសិន នៅតាមបណ្តាខេត្តដូចជា  នៅកំពង់សោម កំពត វាលវែង រតនៈគិរី និងខេត្តមណ្ឌលគិរី ដាំច្រើនជាងគេ និងទទួលបានទិន្នផល​ខ្ពស់​ជាង​គេ ។

ផ្លែផាសិន មានបីពណ៌ គឺផាសិនលឿង (ខ្មែរនិយមហូប) ផាសិនស្វាយ និងផាសិនក្រហម ទទួល​បាន​​​ផល គឺដាំចាប់ពី ៦ ទៅ ៨ខែ តាមតំបន់នីមួយៗ។

លោក សួន បូរ៉ា បានធ្វើការស្រាវជ្រាវដាំដុះផាសិននេះ តាំងពីឆ្នាំ២០១៦ បានប្រាប់ឲ្យដឹងថា ការដាំផាសិន ជាលក្ខណៈបណ្តុះគ្រាប់ប្រើក្នុងរយៈពេល ០៦ខែ ទំរាំបានផល។ ក្នុងមួយហិកតា អាចដាំផាសិន​ បានចំនួន ១១០០ដើម ដាក់ជាបង្គោលជញ្ជាំងឲ្យវាឡើង និងក្នុងមួយដើមទទួលបានផលពី ២០ ទៅ ២៥គីឡូ ដែល​មាន​អាយុកាលពី ៣ ទៅ ៥ឆ្នាំ បើមានការថែទាំបានល្អ។ ចំពោះតម្លៃទីផ្សារលក់ចេញក្នុងមួយគីឡូ ៤៥០០​រៀល ជាតម្លៃដើម តែបើឈ្មួញលក់បន្តទៀតអាចបានតម្លៃចាប់ពីតម្លៃ ៨០០០រៀល ទៅ ១២០០០រៀល៕ 


No comments

Powered by Blogger.