Header Ads

ក្នុងឱកាសចូលឆ្នាំចិន ៣ថ្ងៃនេះ មានភ្ញៀវជាតិ និង​អន្តរជាតិ មកលេងលើកោះទ្រង់​ ជាង ១ម៉ឺននាក់


ខេត្តក្រចេះ


ដោយ៖ សេង ស៊ីដារ៉ូ


ក្នុងឱកាសចូលឆ្នាំចិន ៣ថ្ងៃនេះ មានភ្ញៀវជាតិ និង​អន្តរជាតិ ជាច្រើនមកលេងកោះទ្រង់​ ព្រោះកោះទ្រង់ មានការរៀបចំស្អាត និងសុវត្ថិភាពល្អ​ទើបទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើនឡើងៗ​ជារៀង​រាល់ឆ្នាំ។ ហើយកោះទ្រង់មានភូមិសាស្ត្រ ឃ្លាតឆ្ងាយពីទីរួមខេត្ត ប្រមាណ៣គីឡូម៉ែត្រតែប៉ុណ្ណោះ។

លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ បានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃ​ក្នុង​ឱកាសចូលឆ្នាំចិនថ្មីៗនេះ មានភ្ញៀវជាតិ និងបរទេស មកកម្សាន្តលើកោះទ្រង់ប្រមាណជាង ១ម៉ឺននាក់ ដែលជា​តួរលេខខ្ពស់ និងកើនជាងឆ្នាំទៅមិញ។

ហើយភាគច្រើនភ្ញៀវជាតិ ដែលមកគ្រប់ខេត្ត ចូលចិត្តលេងទឹកលើវាលខ្សាច់សរស្អាត ជិះកង់កំសាន្តក្នុងភូមិ និង​ភ្ញៀវ​ទេសចរណ៍ និយមចូលចិត្តជិះរទេះគោជាដើម ក្រៅពីនោះមានអាហារឈ្ងុយឆ្ងាញ់ មានក្រូចថ្លុងរស់ជាតិផ្អែម​ឆ្ងាញ់ ដែលគេទទួលស្គាល់ច្រើនថា ជាក្រូចប្រចាំកោះទ្រង់ តែម្តង។
លោក ប៊ុន បាន បានបន្តថា ក្នុងការចំណាយហូបចុករបស់ភ្ញៀវជាតិ​ ក្នុងមួយម្នាក់ចំណាយមិនក្រោម ​​១៥ដុល្លារ​ឡើយ។ ហើយនេះ​បានបញ្ជាក់ឲ្យឃើញថា​ភ្ញៀវជាតិចូលចិត្តធ្វើដំណើរទេសចរណ៍ គ្រប់បណ្តារមណីយដ្ឋាន​នានា នៅទូទាំងប្រទេស។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងតែមានប្រសាសន៍ប្រាប់ ជូនសាធារណៈថា​ ភ្ញៀវទេសចរណ៍​ដើរលេងកម្សាន្តតាមបណ្តាខេត្តនានា ទូទាំងប្រទេស ក្នុងនោះរួមមាន (មិនបូកបញ្ចូលរាជធានីភ្នំពេញ) ភ្ញៀវ​ជាតិ​​​ប្រមាណ ៨៤.២ម៉ឺននាក់ ក្នុងអត្រាកំណើន១៥.៣%។ ភ្ញៀវអន្តរជាតិ ប្រមាណ ៨.៣ម៉ឺននាក់ ក្នុងអត្រា​កំណើន ១៨.៥% ។ សរុបបណ្តាខេត្តនានាទូទាំងប្រទេស ៩២.៥ម៉ឺននាក់៕

No comments

Powered by Blogger.