Header Ads

​រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបជាមួយ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា




ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់
 

កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការគួរសម និង​ពិភាក្សាការងារជាមួយ​ ​លោកស្រី Sunniya Durrani Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី​ ប្រចាំនៅ​កម្ពុជា នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ​។

ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ លើវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាដើម។​

លោករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ​បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាព និងសមិទ្ធផលរបស់ក្រសួង អភិវឌ្ឍន៍ជនបទ ដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដែលក្នុងនោះមានធនាគារអភិវឌ្ឍន៍ អាស៊ី បានរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ហើយកំពុងប្រែក្លាយពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែល​មានចំណូលមធ្យមកម្រិតទាប។

លោករដ្ឋមន្ត្រី ​បាន​បន្តទៀតថា សម្រាប់អាណត្តិថ្មី ២០១៨-២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញ នូវ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានរៀបចំយុទ្ធសាស្រ្ដ​អភិវឌ្ឍន៍ជនបទ មានរយៈពេល៥ឆ្នាំផងដែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រដោយផ្ដោតទៅលើវិស័យសំខាន់ៗចំនួន៤ គឺ ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទី២ ការ​អប់រំ​លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទី៣ ការបង្កើតឱកាសកាងារ ឬមុខរបរ​ផ្សេងៗតាមរយៈការបណ្ដុះបណ្ដាលមុខវិជ្ជាជីវ ដល់ប្រជាពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹងស្ថា​ប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការស្ថាបនាផ្លូវតភ្ជាប់​​ពីតំបន់​​ដាច់ស្រយាលទៅទីប្រជុំជន ទីផ្សារ និងតំបន់ដែលទទួលសេវាសាធារណៈ។

នៅតាមបណ្ដាភូមិទូទាំងប្រទេសមានផ្លូវស្ទើរតែទាំងអស់ តែផ្លូវទាំងនោះជាផ្លូវដីស និងផ្លូវក្រាលក្រួស​ក្រហម​​ ដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ដូចនេះសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពង្រីក​ហិរញ្ញប្បទានបន្ថែមទៀត សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលមានភាពធន់ទៅនឹងការបម្រែ បម្រួលអាកាសធាតុ ។

លោកស្រី Sunniya Durrani Jamal​ បានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែង តែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីនាពេលកន្លងមក ហើយលោកស្រី ​មាន​ការរីករាយខ្លាំងណាស់ចំពោះលទ្ធផលជា ផ្កាផ្លែទាំងនេះ។ លោកស្រី បានបញ្ជាក់ថា យុទ្ធសាស្រ្ដគាំទ្រ​ប្រទេស​របស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺផ្ដោតទៅលើការអភិវឌ្ឍន៍មានភាពបៃតង មាននិរន្ដរភាព និងមាន​ភាព​ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ​និងយកចិត្តទុកដាក់ទៅលើការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ​ដោយ តភ្ជាប់ទីប្រជុំជន និងតំបន់ដាច់ស្រយាលផងដែរ។ ធនាគារ​​អភិ​វឌ្ឍន៍អាស៊ី នឹងរងចាំនូវសំណើរ​របស់​ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យលទ្ធភាព និងបន្តគាំទ្រ ។

លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែជួយ​គាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជាមួយក្រសួងអភិវឌ្ឍន៍ ជន​បទ ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅជនបទ ស្រមតាមគោល​នយោ​បាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕                                        


No comments

Powered by Blogger.