Header Ads

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងបន្តការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ



 ភ្នំពេញៈ


ដោយ៖ ហុង ចំណាប់


សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងបន្តការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍​ជនបទ ក្រោមអធិបតីយភាព  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ​សុខា​ភ្នំពេញ នាថ្ងៃទី៣០ ខែមករា ២០១៩។

ដោយសារការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានធ្វើឲ្យស្ថានភាព និងកម្រិតជីវភាព​របស់​​ប្រជាជនកម្ពុជា មានភាពសុខដុម ប្រសើឡើងជាលំដាប់ ជាមួយ ការអភិវឌ្ឍសេដ្ឋកិច្ច​ក្នុងសន្ទុះ ​ដ៏​លឿន ពិសេស គឺការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់​ប្រជាជន​បានឆាប់រហ័ស។

ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្រេចបេសកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្នុងការចូលរួចចំណែក​ជាមួយរាជរដ្ឋា​ភិ​បាល តាមរយៈការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាជួស​ជុលហេដ្ឋារចនាសម្ព័នរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈ ការលើកកម្ពស់សុខភាព ការអប់រំ ការបង្កើតការងារ មុខរបរសហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច​នៅជនបទច្រើនទៀត ប្រកបដោយ​ប្រសិទ្ធ​​ភាពក្នុងការអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចកម្ពុជា ដើម្បីជំរុញបន្តសមាហរណកម្មខ្លួនចូលក្នុង​សេដ្ឋ​កិច្ច​​តំបន់ និងពិភពលោក។

ក្រសួងអភិវឌ្ឍន៍ជនបទ បានដើរតួរនាទីដ៏សំខាន់ក្នុងការសម្រេចបាន​ នូវសមិទ្ធផលធំៗ​ជាច្រើន ​ដូចជា (១) បានយកចិត្តទុកដាក់ពង្រីកសកម្មភាពផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យជនបទ នៅឆ្នាំ២០២៥ ប្រជា ជន​ នៅជនបទគ្រប់រូបត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែល​មានអនាម័យ ប្រកបដោយនិរន្តរភាព  (២) ធ្វើឲ្យប្រសើរឡើងនូវបណ្តាញផ្លូវជនបទគ្រប់ប្រភេទ ដើម្បី​តភ្ជាប់​រវាងតំបន់នានានៅជនបទ ទៅជាប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន ដ៏ងាយស្រួល ជូនប្រជាពលរដ្ឋ ពិសេស ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ឲ្យកាន់តែមានភាពប្រសើរឡើង  (៣) ធ្វើប្រតិភូកកម្មមុខងារជូនរាជរដ្ឋាភិបាល ស្រុកចំនួន២០ ក្នុងខេត្តគោដៅចំនួន៤ ដើម្បីគ្រប់គ្រង ចាត់​ចែង និងអនុវត្តន៍សាកល្បងសម្រាប់រយៈពេលពីរឆ្នាំ នូវសកម្មភាពសំខាន់ៗចំនួន៣ របស់ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ រួមមាន៖ ការងារថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ ការងារជួសជុលនឹងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់សេវាអនាម័យជនបទ  (៤) បង្កើនសន្តិសុខស្បៀងគ្រួសារ តាមរយៈការប្រមូលផ្តុំ និង​បណ្តុះ​​បណ្តាលស្ត្រី ស្តីអំពីការផលិតស្បៀងជាលក្ខណៈគ្រួសារ ការទុកដាក់ និងថែរក្សាស្បៀង ការកែច្នៃ​ស្បៀងដើម្បីឲ្យមានជាតិអាហាររូបត្ថម្ភ និងការដាំដំណាំរួមផ្សំសម្រាប់គ្រួសារ  (៥) បានពង្រឹង និងពង្រីក​ការ​ផ្តល់ឥណទានខ្នាតតូច ដល់ប្រជាពលរដ្ឋជនបទ ឲ្យមានលទ្ធភាពក្នុងការបង្កើតមុខរបរខ្នាតតូច ជា លក្ខណៈគ្រួសារសម្រាប់បង្កើតប្រាក់ចំណូលបន្ថែម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ កាន់តែមានភាព​​ប្រសើរ​ឡើង និងកាត់បន្ថយការធ្វើចំណាកស្រុក (៦) លើកស្ទួយសមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ​តាមរយៈការផ្សព្វផ្សាយ និងការបញ្ជ្រាបអំពីសិទ្ធិរបស់ស្ត្រី ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់​លំដាប់ថ្នាក់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានធ្វើការបញ្ជ្រាបអំពីសិទ្ធិរបស់ស្ត្រីដល់សហគមន៍ជនបទ តាមរយៈការជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទ ការបណ្តុះបណ្តាល និងការបង្កើតឱកាស​ក្នុងការរក​ប្រាក់ចំណូលបន្ថែម​​សម្រាប់គ្រួសារ តាមរយៈការបង្កើតមុខរបរខ្នាត់តូច និងការអប់រំអនាម័យដើម្បី​សុខ​ភាព (៧) បណ្តុះបណ្តាលដល់មន្ត្រីរាជការនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត លើការដឹកនាំ គ្រប់គ្រង និងជំនាញឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត (៨) គាំទ្រការរៀបចំ និងពង្រឹង​សមត្ថភាព​គណៈកម្មាធិការអភិវឌ្ឍភូមិ (គ.អ.ភ) ដែលជារចនាសម្ព័ន្ធមូលដ្ឋាន ក្នុងការជួយដឹកនាំ និង​សម្រប​សម្រួលកម្មវិធីអភិវឌ្ឍន៍ជនបទ​ ឲ្យមានភាពល្អប្រសើឡើង។ (៩) ពង្រឹង និងពង្រីកកិច្ចស​ហ​ប្រតិ​បត្តិ​​ការល្អ ជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​វិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាពលើការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយ​ភាពក្រីក្រ អោយកាន់តែមានភាពសុក្រិតនិងរលូនថែមទៀត។

ក្រោមការដឹកនាំ របស់សម្តេច ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុង​ធ្វើសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកនាំមកនូវកិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​​ជូន​​ជាតិមាតុភូមិ ពិសេសកំពុងប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ មកជាប្រទេសមានផល​ចំនូល​មធ្យម​​ក​ម្រិតទាប និងឈានទៅជាប្រទេសមានផលចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិការជាតិ នូវមានកម្រិតសម្រាប់ការអនុវត្ត ប្រទេសកម្ពុជាមានគាំទ្រយ៉ាងច្រើនពីសំណាក់ ដៃគូរអភិវឌ្ឍន៍ អង្គការរជាតិ និងអន្តរជាតិ ក្នុងរូបភាព​ផ្តល់​ជាជំនួយបច្ចេកទេស ជំនួយហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានផងដែរ។

ក្រសួងអភិវឌ្ឍន៍ជនបទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃ​សមិទ្ធិ​ផល និងបញ្ហាប្រឈមផ្សេងៗ នៅក្នុងមូលដ្ឋាន និងការជំរុញអនុវត្តន៍បន្តនូវកម្មវិធីកែទម្រង់នានា ដែល​ត្រូវ​​បានកំណត់​នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា​ភិ​បាល​​​​នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព  និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បន្ទាប់ពីកម្ពុជាបានរៀបចំបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ប្រកប​ដោយជោគជ័យកាលពីខែកក្កដា ឆ្នាំ២០១៨ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស។

ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់​​នីតិកាលទី៦ នៃរដ្ឋសភា ទទួលបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទបាន នឹងកំពុងសម្រួច​ទិស​ដៅ​ជាយុទ្ធសាស្ត្ររបស់ខ្លួន ពិសេសសម្រាប់ទិសដៅការងារឆ្នាំ២០១៩ ដែលបានផ្តោតសំខាន់ លើយុទ្ធ​សាស្ត្រជាអទិភាពមួយចំនួន រួមមាន៖ (១) ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធន​ធាន​​មនុស្ស (២) ការស្ថាបនា កសាង និងជួសជុល លើកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គមនាគមន៍ និងសាធារណៈ (៣) ការលើកកម្ពស់សុខភាព ការអប់រំ និងលក្ខខណ្ឌនៃការរស់នៅ និង (៤) ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច ជាដើម៕

No comments

Powered by Blogger.