Header Ads

មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល កំពុងអនុវត្តន៍ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ​ ឆ្នាំ២០១៨-២០២១ ដើម្បី​ផ្សារភ្ជាប់គ្រប់វិស័យរបស់សង្គម



 ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

នារសៀលថ្ងៃទី២៥ ខែមករា ២០១៩ មន្ទីរអបរំ យុវជន និងកីឡា បានបិទសន្និបាតបូកសរុបការងារ លទ្ធផល នៅសាលាគរុកោសល្យខេត្តកណ្តាល ក្រោមអធិបតិយ្យភាពលោក       គឹម រិទ្ធី អភិបាលរង ខេត្តកណ្តាល និង​លោកគ្រូ​អ្នកគ្រូជាច្រើនទៀត។

មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំខេត្ត ឆ្នាំ២០១៥-២០១៧ ហើយកំពុងអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៨-២០២១ និងបានកំណត់យកអាទិភាពចំនួន០៧ សម្រាប់អនុវត្ត​​បន្ត​នៅឆ្នាំសិក្សាខាងមុខ គឺទី១  បន្តអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង០៤  ទី២ ជំរុញគណៈគ្រប់គ្រង​គ្រឹះ​​ស្ថាន​​សិក្សា ឲ្យយកចិត្តទុកដាក់ដល់ការសិក្សា និងសហការជាមួយលោកគ្រូអ្នកគ្រូ លើលទ្ធផលនៃការ សិក្សារបស់សិស្ស  ទី៣ បន្តពង្រឹងការរៀន និងបង្រៀនឲ្យបានពេញម៉ោង គ្រប់ម៉ោងប្រកបដោយវិជ្ជាជីវៈ និង​តាម​​ដានការសិក្សាដល់ផ្ទះសិស្ស  ទី៤ ប្រឡងប្រណាំងគោលការសាលារៀនស្អាត (ពណ៌ប៉ៃតង ការរៀបចំទុក​ដាក់ កង់ ម៉ូតូ អាហារដ្ឋាន និងសាលារៀនមួយមានឡដុតសំរាមមួយ) ទី៥ ជំរុញការអនុវត្តអនុក្រឹត្យលេខ៥៦ អនក្រ.ប.ក.ស្តីពី «ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីរាជការជាប់កិច្ចសន្យា» ទី៦ ពង្រឹងការអនុវត្ត​អនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ទី៧ ជំរុញការចុះពិនិត្យតាមដាន ការអនុវត្តការងារ នៅតាម សា​លា​រៀនជាប្រចាំ។

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ទិសដៅដែលត្រូវបន្តអនុវត្តន៍ ​ក្នុងគោលដៅ​បង្កើត​សមត្ថភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលកម្ពុជា បានចូល រួមយ៉ាងសកម្មនៅក្នុងកិច្ចការសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។

ក្នុងនោះរាជរដ្ឋាភិបាល បានបន្តគិតគូរវិភាជថវិការបន្ថែមប្រចាំឆ្នាំក្នុងវិស័យអប់រំ ការផ្តល់អាទិភាពជ្រើសរើស និង​​បណ្តុះបណ្តាលគ្រូបង្រៀន ជាអាទិភាពចម្បង់ដើម្បីបំពេញបន្ថែម ដល់ការងារពង្រាយគ្រូ និងជំនួសគ្រូ​ដែល​ចូលនិវត្តន៍ គាំទ្រការធ្វើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹង​សមត្ថ​ភាពគ្រប់គ្រងគុណភាពសិក្សា និងគុណភាពប្រឡង។

ទន្ទឹមនេះរាជរដ្ឋាភិបាល បានបន្តគិតគូរអំពីការដំឡើងបា្រក់បៀវត្សរ៍ជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សា ជំរុញ​ការកៀរគរធនធានមកពីគ្រប់មជ្ឈដ្ឋាន និងកៀរគរវិស័យឯកជន ដើម្បីវិនិយោគក្នុងវិស័យអ់រំ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយធានាស្ថេរភាព ទីផ្សារការងារ ​លើកកម្ពស់ផលិតភាព​ជីវ​ភាព​​រស់នៅរបស់ប្រជាជន។

ក្រសួងអប់រំ យកចិត្តទុកដាក់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្មការបំពាក់ជំនាញស្តេម (STEM) (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ចាប់ពីកម្រិតមឋមសិក្សា​ព្រមទាំងគាំទ្រការផ្តល់​អាហារ​រូបករណ៍​ និងបង្កលក្ខណៈងាយស្រួលដល់យុវជនឆ្នើមៗ​ ឲ្យទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមគ្រប់រូបភាពទាំងរដ្ឋ និងឯកជន។ ក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់លើការពង្រីក សាលារៀន​ជំនាន់​​ថ្មី​នៅគ្រប់កម្រិត និងសាងសង់អគារសិក្សាថ្មី ព្រមទាំងជួសជុលអគារសិក្សាទ្រុឌទ្រោម សាងសង់បន្ទប់​ពិសោធន៍ វិទ្យាសាស្ត្រ បណ្ណាល័យ និងបន្ទប់កុំព្យូទ័រជាដើម​។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តទៀតថា ព្រមជាមួយគ្នានេះ ក្នុងស្មារតីលើកស្ទួយ និងអភិវឌ្ឍន៍​វិស័យ​អប់រំ ឲ្យឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍវិស័យអប់រំ យើងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំ​ខាន់ៗ ដូចខាងក្រោម៖ ទី១ បន្តអនុវត្តការងារអប់រំឲ្យមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ការអភិវឌ្ឍកម្មវិធីសិក្សាយើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបន្គន់អានាម័យ​សមរម្យ ឲ្យមានលក្ខណៈមធម្មជាតិ​ក្នុងសាលារៀន ​សក្តិសមជាទីកន្លែងអប់រំបណ្តុះគំនិត​ឲ្យស្អាតស្អំគ្មាន ការញាំ​ញីទាំងផ្លូវចិត្ត និងផ្លូវកាយជាដើម។ ទី២ អនុវត្តឲ្យមានភាពរស់រវើកធានា ភាពសក្តិសម​នៃភាពជាអ្នកដឹកនាំ​និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ត្រូវបង្កើនប្រសិទ្ធិភាពប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថាន​សិក្សា ការងារផែនការស្ថិតអប់រំ ការពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាព​របស់​នាយក​សាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល ​និងគ្រឹះស្ថានសិក្សា ពិសេសការងារធិការកិច្ច និងយន្ត​ការពិនិត្យកែលម្អជាប្រចាំ។ ទី៣ អនុវត្តឲ្យសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយត្រូវបង្កើន​ការយកចិត្ត​ទុកដាក់ចំពោះកុមារ និងយុវជន ឲ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសសមត្ថភាពរបស់ខ្លួន និងប្រកាន់​ខ្ជាប់ នូវទង្វើវិជ្ជាមានក្នុងសង្កម បំផុសឲ្យសកម្មនូវកម្មវិធី “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” និងកម្មវិធីយុវជន​ស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញ ទន់សម្រាប់​យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម។ ទី៤ អនុវត្តសកម្មភាព​លើ​ការ​ងារកីឡា ដោយត្រូវអភិវឌ្ឍន៍សមាគមន៍កីឡាមហាជន និងក្រុមកីឡាសិស្សនិស្សិត ពង្រឹងពង្រីក​សកម្ម​ភាព​អប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើតការយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធិភាពការងារកីឡា​គ្រប់​ប្រភេទ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ ដែល កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ។ ទី៥ បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាន សហប្រតិបត្តិការ ដោយត្រូវរៀបចំសកម្ម​ភាព ឲ្យឆ្លើយតបទៅនឹងអាទិភាព នៃការអភិវឌ្ឍន៍ជាតិ ផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្នូរបស់មនុស្ស ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់​ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី ការលុបបំបាត់​រាល់ទម្រង់នៃការរើសអើងគ្រប់ប្រភេទក្នុងសង្គម៕


No comments

Powered by Blogger.