Header Ads

សេវាកម្ម រៀបចំគ្រឿងរណ្តប់ជំនូន របស់លោកស្រី ហុង ហៀង កំពុងល្បី



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


របៀបរៀបចំរណ្តប់ជំនូន ឬហៅថា បណ្ណាការភស្តុភារ ក្នុងពេលភ្ជាប់ពាក្យមង្គលការ ជាលក្ខណ:ប្រពៃណីខ្មែរ ដែលមានប្រវត្តិយូរលង់មកហើយ នៅសម័យបុរាណគេ កំណត់បណ្ណាការភស្តុភារសំខាន់ មិនអាចខ្វះបាន មានប្រាំពីរមុខ គឺ ថង់រង ស្លាដក ស្លាកន្សែង ស្លាព្រះពរ នំអម្សម នំគម និងប្រាក់ស្នាប់ទឹកដោះ។

តាំងពីដើមរៀងមក ការរៀបចំមង្គលការ ត្រូវបានគ្រួសារ ខាងប្រុសជាអ្នករៀបចំជំនួនដង្ហែរ ទៅកាន់ផ្ទះខាង​កូនក្រមុំ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ជឿលឿនរហ័ស ការបំរើសេវារៀបចំរណ្តាប់ជំនួន ក៏បានកើតឡើង ធ្វើឲ្យមានភាពងាយស្រួល ដល់ការរៀបចំមង្គលការម្តងៗ។

លោកស្រី ហុង ហៀង ដែលជាអ្នកផ្តល់សេវារៀបចំជំនូនមង្គលការ បានឲ្យដឹងថា ការផ្តល់សេវានេះ​មាន​រយ:ពេលជាង ១០ឆ្នាំមកហើយ ទៅតាមលទ្ធភាពម្ចាស់ផ្ទះ ដែលរៀបចំមង្គលការកូនប្រុសស្រី និងទៅតាម​ថវិកា។ នៅក្នុងការរៀបចំសេវាជំនួននេះ មានគ្រួសារខ្លះ រៀបចំតែ ៣៦គូ តិចបំផុតយកក្នុង តម្លៃ ៩០០ដុល្លារ ក្នុងនោះ មានការរៀបចំគ្រឿង ៧មុខ ដូចរៀបរាប់ខាងលើ និងមាននំពា ផ្លែឈើ បន្លែ ស្ពៃ សាច់​ជ្រូក តម្រូវទៅតាមគ្រួសារមានលទ្ធភាព ដូចជា បើផ្លែម្នាស់ត្រូវដាក់មួយគូ ហើយអ្នកកាន់​ជំនូន ក៏ត្រូវមួយគូរ​ដែរ។ ចំពោះគ្រួសារធូធារ មានរហូតទៅដល់ ១៦៨គូ ជាបរិមាណដ៏ធំ ក្នុងតម្លៃរៀបចំយកថ្លៃ ៤៦០០​ដុល្លារ។

លោកស្រី ហុក ហៀង បានបញ្ជាក់បន្ថែមថា ការរៀបចំសេវារណ្តាប់ជំនូនមង្គលការ ក្នុង១ឆ្នាំៗ ទទួលបាន​ប្រមាណ ៥០រោង។ នៅក្នុងពេលទទួល​សេវារៀបចំម្តងៗ សេវានេះ មានការលំបាកច្រើន ដោយត្រូវការពេល​វេលា​​ពីរថ្ងៃ ក្នុងថ្ងៃមង្គលការ លើការរៀបចំរណ្តាប់ផ្លែឈើ ដាក់ក្នុងថាស ហើយបុគ្គលរៀបចំ ក៏ត្រូវមានបទ​ពិសោធន៍​គ្រប់គ្រាន់ ក្នុងការរៀបចំនេះដែរ ពុំមែនចេះតែរៀបចំតាមការនឹក ឃើញនោះទេ។ បើទៅរៀបចំដល់​ខេត្ត​​ឆ្ងាយៗ ការផ្តល់សេវារៀបចំជំនូននេះ មានតម្លៃថ្លៃបន្តិច ដោយសារប្រើពេលវេលាយូរ។​

មុខរបរផ្តល់សេវា​លើការ​រៀបចំរណ្តាប់ជំនូន មានការបើកអាជីវកម្មយូរមកហើយក្តី តែចំពោះកូនចៅជំនាន់​ក្រោយ ពុំមានគំនិត ចាត់​ទុក​មុខរបរនេះ ឲ្យបានជាប់លាប់យូរអង្វែលនៅឡើយ តាមការត្អូញត្អែរបស់ លោកស្រី ហុក ហៀង។ ហាងបម្រើសេវានេះ មិនត្រឹមតែរៀបចំជំនូនមួយមុខនោះទេ គឺមានលក់នៅកាដូ​កន្ត្រក់ផ្លែឈើ​ផងដែរ ដែលមានអាស័យដ្ឋាន នៅតាមបណ្តោយផ្លូវមុនីវង្ស ក្រោយស្តុបពេទ្យចិន៕


No comments

Powered by Blogger.