Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន័ជនបទ ជួបប្រជុំជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន័ជនបទ អនុញ្ញាតឲ្យលោក វ៉ាអ៊ុល អាល់មួរស៊ី តំណាងម្ចាស់ជំនួយនៃសមាគម រ៉ស់ ម៉ាអាឡាមីយ៉ា រដ្ឋកូវ៉ែត និងជាអនុប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភក្សាការងារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

 
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន័ជនបទ បានសម្ដែងការស្វាគមន៍ និងអរគុណចំពោះលោក វ៉ាអ៊ុល អាល់មួរស៊ី តំណាងម្ចាស់ជំនួយនៃសមាគម រ៉ស់ ម៉ាអាឡាមីយ៉ា រដ្ឋកូវ៉ែត និងសមាគមសម្រប​សម្រួល និងអភិវឌ្ឍន៍សង្គម និងសហការី​ តែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង​អភិវឌ្ឍន៍​ជនបទ តាំងពីឆ្នាំ២០១២ ដែលមានគោលដៅរួមគ្នា គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាជន នៅទីជនបទ តាមរយៈការបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារជនបទ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ​។

លោករដ្ឋមន្រ្ដី បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងកម្មវិធីផ្គត់ផ្គង់ទឹកស្អាត សុខ​ភាព និងអនាម័យ​​ជនបទ ព្រមទាំងបានស្នើសុំឲ្យលោក វ៉ាអ៊ុល អាល់មួរស៊ី តំណាងម្ចាស់ជំនួយ​នៃសមា​គម រ៉ស់ ម៉ាអាឡាមីយ៉ា រដ្ឋកូវ៉ែត និងជាអនុប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម​ ជួយ​ជម្រុញវិស័យនេះ ដើម្បីឲ្យប្រជាពលរដ្ឋនៅភូមិ ឃុំ និងស្រុកណាមួយមានទឹកស្អាតប្រើប្រាស់ មានសុខ​ភាព និងអនាម័យគ្រប់គ្រាន់ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

លោក វ៉ាអ៊ុល អាល់មួរស៊ី បានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់នូវ​កិច្ច​សហប្រតិបត្តិការតាំងពីឆ្នាំ២០១២ ហើយបច្ចុប្ប្នន្ននេះ បានបន្តចុះកិច្ចព្រមព្រៀង ជាមួយសមាគមសម្រ​បសម្រួល និងអភិវឌ្ឍន៍សង្គម​រយៈពេល ៣ឆ្នាំទៀត គឺពីឆ្នាំ២០១៨-២០២១ ដែលគ្រោងចំណាយថវិកា​ប្រមាណ ជាង ៣លាន ដុល្លារអាមេរិក។

លោក វ៉ាអ៊ុល អាល់មួរស៊ី បានបន្តថា គោលដៅចំបងរបស់សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម គឺ​ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជាជន នៅទីជនបទតាមរយៈការបង្កើន​ប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារជនបទ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោកក៏បានជម្រាប​ជូនអំពី សមិទ្ឋផលនានា ដែលអង្គការសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ​ក្រោមការឧបត្ថម្ភ​ថវិកា ពីក្រៅប្រទេសសម្រេចបានកន្លងមក​រួមមាន សាងសង់សាលារៀន. សាងសង់ផ្ទះជូនគ្រួសា​រក្រីក្រ​បំផុត ផ្តល់ឧបករណ៍អាជីវកម្មដល់គ្រួសារក្រីក្រដូចជាម៉ូតូឌុប ធុងទឹកអំពៅ ទូកនេសាទ គោ  ផ្តល់​អណ្តូង​​ទឹកស្អាត និងបង្គន់អនាម័យ ឧបត្ថម្ភកុមារកំព្រា ការងារសង្រ្គោះបន្ទាន់ បណ្តុះបណ្តាលភាសា ជំនាញផ្សេងៗ អប់រំសុខភាព ដាំដំណាំ ចិញ្ចឹមសត្វ  ការងារសាសនា និងការងារមនុស្សធម៌។

ភាគីទាំងពីរ បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងនាមជាដៃគូរ និងបានប្រគល់ ព្រមទាំង​ទទួលវត្ថុអនុស្សាវរីយ៍  នឹងបានប្រគល់ឯកសារកិច្ចព្រមព្រៀងសហប្រតិបត្តិការ ​រវាងក្រសួងអភិវឌ្ឍន៍​ជន​បទ និងសមា គមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម​ ដែលមានរយៈពេល ៣ ឆ្នាំបន្តទៀតគឺពីឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២១៕



No comments

Powered by Blogger.