Header Ads

ប្រកាសតែងតាំង លោក ម៉ប់ ធីរិត ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ


លោក ម៉ប់ ធីរិត អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ត្រូវបានប្រកាស​ឲ្យចូលកាន់​មុខ​តំណែង​ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ជំនួសលោក សេង សារី ដែលបានចូលនិវត្តន។ ​ពិធីប្រកាស​ចូល​កាន់មុខតំណែងនេះ បានប្រព្រឹតទៅនៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី​ក្រសួង​​អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ។

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាស​របស់​​​​ក្រសួងអភិវឌ្ឍន៍ជនបទ លេខ ១៩៩/១៨ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រេច​ប្រកាសតែងតាំងលោក ម៉ប់ ធីរិត មន្រ្ដីក្របខណ្ឌ ក .២ . ១ បច្ចុប្បន្នជា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជន​បទ​​​​ខេត្ត ព្រះវិហារ ទៅជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជំនួសលោក សេង សារី ដែលបានចូលនិវត្តន៍។

លោក ម៉ប់ ធីរិត ដែលទើបនឹងទទួលបានតំណែងថ្មី បានសម្ដែងនូវការដឹងគុណចំពោះការគាំទ្រ និងការតែង​តាំង​​លោក ជាប្រធានមន្ទីរអភិវឌ្ឍម៍ជនបទ ខេត្តព្រះវិហារ ពីសំណាក់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍​ជនបទ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណអភិបាលខេត្តព្រះវិហារ។

រូបលោក ប្ដេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចក្នុងស្មារតីសាមគ្គីភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរពាក់ពាន់ជុំវិញខេត្ត អង្គការជាតិ អន្ដរជាតិ វិស័យឯកជន និងដៃគូរ​អភិ​វឌ្ឍន៍​ផ្សេងៗទៀត ដើម្បីបម្រើប្រជាពល​រដ្ឋតាមរយៈការអភិវឌ្ឍន៍ជនបទ តាមបែបពហុវិស័យ ស្របតាមគោល​នយោបាយ និងយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្ដម អ៊ុន ចាន់ដា និង លោក អ៊ុក រ៉ាប៊ុន​ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង​មន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ដែលកន្លងមកបានហការគ្នាល្អជា​មួយ​អាជ្ញាធរ​ដែនដី​គ្រប់លំ​ដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នា​នា ធ្វើឲ្យមន្ទីរទទួលបាន នូវសមិទ្ធផល​យ៉ាង​ល្អជូនប្រជាពលរដ្ឋ។ លោក ទាំងពីរ បានលើកឡើង អំពីយុទ្ធសាស្រ្ដសំខាន់ៗ របស់រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយភាពក្រីក្រ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានរួមចំណែកផងដែរ លើការសាង និងស្ដារហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវថ្នល់ នៅតំបន់ជនបទ ក្នុងនោះមានការកែលម្អផ្លូវ នៅតំបន់ជនបទជាបណ្ដើរ​ៗ ​ពីផ្លូវក្រាលក្រួសក្រហម​ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងជាដើម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការអរគុណចំពោះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី​ក្រសួង​​អភិវឌ្ឍន៍ជនបទ ដែលបានប្រកាសផ្តល់ផ្លូវកៅស៊ូប្រវែង១០០គីឡូម៉ែត្រ នៅក្នុងខេត្តព្រះវិហារ នៅក្នុងឆ្នាំ​២០២០ ខាងមុខនេះ។ លោកអភិបាលខេត្ត បានចាត់ទុកថា នេះជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារទាំងមូល។ ឯកឧត្ដម បាបន្តថា «ខេត្តព្រះវិហារបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើន​គ្រប់​វិស័យ មិនចាញ់ខេត្តក្រុងដ៍ទៃឡើយ ដែលការរីកចំរើននេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។

ក្រសួងក៏មានកម្មវិធី ផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស វិជ្ជា​ជីវ ដើម្បីបង្កើនមុខរបររកប្រាក់ចំណូល។

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ ដែលបានតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់​ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការ ឲ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ធ្វើ​យ៉ាង​​​ណាអនុវត្តភារកិច្ចរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

No comments

Powered by Blogger.