Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រជុំត្រួតពិនិត្យ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងសហ​ការ​​ជា​មួយដៃគូ ស្ថាប័ន​ពាក់ព័ន្ធ ​​ជម្រុញវិស័យនេះ ឲ្យបាន៩០% នៅឆ្នាំ២០២៣


ខេត្តកំពង់ស្ពឺៈ

ដោយ៖ ហុង ចំណាប់


រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង​ការលើកកម្ពស់អនាម័យ នៅជនបទក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកប្រធានផ្នែកទឹកស្អាត និងអនាម័យអង្គការ UNICEF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រីដេបូរ៉ា កូមីនី ប្រធានអង្គការ UNIVEF ប្រចាំ​​កម្ពុជា នៅសាលាខេត្តកំពង់ស្ពឹ កាលព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ហើយប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៤នៃស្រុកបសេដ្ឋ គឺឃុំបសេដ្ឋ ឃុំពោធិម្រាល ឃុំនិទាន និងឃុំទួលអំពិល មាន​បង្គន់​អនាម័យប្រើប្រាស់ គ្រប់ខ្នងផ្ទះ។ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធ នឹង​បាន​​ជម្រុញវិស័យទាំងពីរនេះឲ្យបាន៩០% នៅឆ្នាំ២០២៣ ហើយឈានទៅសម្រេចឲ្យបានគោលដៅ​អភិវឌ្ឍន៍​សហ​ស្សវត្សរ៍ នៅឆ្នាំ២០២៥ ដើម្បីធ្វើឲ្យប្រជាជននៅជនបទ ទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​គ្រប់​គ្រាន់។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងពីប្រសាសន៍ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា បាន​ប្រកាស​បន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បន្តទៀត សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦។ អត្រាភាពក្រីក្រ បានធ្លាក់ចុះពី ៣៩,៥%  ក្នុងឆ្នាំ២០០០ មករង្វង់ ១៤% ឆ្នាំ២០១៤។ រាជរដ្ឋាភិបាលបាន ជម្រុញ​​វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្នុងរយៈពេល៦ឆ្នាំ ចុងក្រោយនេះ អត្រារីកចម្រើនផ្នែក​អនា​ម័យមានការកើនឡើងពី ២៣% នៅឆ្នាំ២០០៨ ដល់ ៥២,៩% នៅឆ្នាំ២០១៥។ ដោយឡែកការផ្គត់ផ្គង់ទឹក​ស្អាត​នៅជនបទ ប្រជាពលរដ្ឋ ៥២% ទទួលបានការផ្គត់ផ្គង់ទឹកដែលមានការកែលម្អ គឺលើសគោលដៅ​អភិ​វឌ្ឍន៍​សហស្សវត្សរ៍ ដែលបានកំណត់ត្រឹមតែ៥០% នៅឆ្នាំ២០១៥ ដូចគ្នា។

លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការ UNIFEF ប្រចាំកម្ពុជា និងលោកប្រធានផ្នែកទឹកស្អាត និងអនាម័យ​អង្គ​ការ UNICEF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ ​ក្រសួងអភិវឌ្ឍន៍​ជនបទ និងក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំខេត្តកំពង់ស្ពឺ ដែលបាន​ខិត​ខំ​​អនុ​វត្តន៍​​ផែនការសកម្មភាពរបស់ខ្លួន ធ្វើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ មានសន្ទុះ​កើនឡើង ជាពិសេសនៅក្នុងស្រុកបសេដ្ឋ ធ្វើឲ្យអត្រានៃអ្នកមានបង្គន់អនាម័យប្រើប្រាស់កើនឡើង រហូតដល់ ៨២% ។

លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានលើកឡើងអំពីរអត្រាគ្របដណ្តប់ផ្នែកអនាម័យ នៅទូទាំងខេត្តកំពង់ស្ពឺ ឆ្នាំ២០១៨ ក្នុងនោះមានស្រុកបសេដ្ឋ ៨២% ក្រុងច្បារមន ៨២% ស្រុកគងពិសី ៦២%​ ស្រុកឱរ៉ាល់ ៣៧% ស្រុកឧដុង្គ ៦១% ស្រុកភ្នំស្រួច ៤៣% ស្រុកសំរោងទង ៦៣% និងស្រុកថ្ពង ៤៨% ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍនទជនបទ បានសម្តែងការអបអរសាទរ ចំពោះលទ្ធផល​នៃការអនុវត្ត​ផែនការសកម្មភាព លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ សម្រាប់ខេត្តកំពង់ស្ពឺ។ លោករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា ស្រុកបសេដ្ឋ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៨ នៃខេត្តកំពង់ស្ពឺ ដែល​មានអត្រាគ្របដណ្តប់ផ្នែកអនាម័យខ្ពស់ជាងគេ ហើយសង្ឃឹមថា បំណាច់ឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅក្នុង ស្រុក​បសេដ្ឋទាំងមូល មានបង្គន់ប្រើប្រាស់គ្រប់ខ្នងផ្ទះ និងក្លាយជាស្រុកទីបី ដែលបានបញ្ឈប់ការបន្ទោបង់​ពាស​វាលពាសកាល៕

No comments

Powered by Blogger.