Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន បានអញ្ជើញបញ្ចុះសីមាព្រះវិហារ វត្តគាំច័ន្ទវរារាម

ខេត្តកំពង់ឆ្នាំៈ

ដោយ៖ ហុង ចំណាប់


 រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុងពិធីបុណ្យបញ្ចុះសីមាព្រះវិហារ និងសម្ពោធដាក់​ឲ្យ ប្រើ​ប្រាស់សមិទ្ធិផលនានា ក្នុងវត្តគាំច័ន្ទវរារាម (ហៅវត្តច្រកត្នោត) ​ស្ថិតក្នុងភូមិច្រកត្នោត ឃុំឈាន​ឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីបុណ្យបញ្ចុះសីមានេះ មានវត្តមាន លោកឧកញ៉ា ស្រីងួន និងលោកជំទាវ លោកឧកញ៉ា ស្រីវុទ្ធី ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខ អ្នការជាច្រើន​រូប​ទៀត។


ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ តាមរបាយការណ៍របស់ ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត កំពង់ឆ្នាំង បានឲ្យដឹងថា វត្តគាំច័ន្ទវរារាម បានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៨ មកម្លេះ។ ឆ្លងកាត់​ការដឹកនាំរបស់ ព្រះចៅអធិការ ពីរអង្គគឺ  ព្រះគ្រូចៅអធិការព្រះនាម យ៉ុន គង់ និងព្រះគ្រូចៅអធិការ ព្រះនាម ស៊ីវសុផល គឺកសាងបានតែសមិទ្ធិផលចំនួន ២ប៉ុណ្ណោះ គឺព្រះពន្ល័យតូចមួយខ្នង និង​សាលា​ឆាន់មួយខ្នង សម្រាប់ព្រះសង្ឃ ធ្វើឧបោសថកម្ម។ លុះមកដល់ឆ្នាំ២០០៧ ព្រះគ្រូចៅអធិការ ព្រះនាម​នៅ​ចន្ធី និងគណកម្មភាពអាចារ្យបានចម្រើនពរស្នើសុំ ឯកត្តម អ៊ុក រ៉ាប៊ុន និងលោក​ជំទាវ លោក​ឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ា ស្រី វុទ្ធី និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីកសាង ព្រះវិហារថ្មីនេះ ហើយបានកសាងចប់ជាស្ថាពរ ក្នុងឆ្នាំ២០១៧។ ព្រះវិហារ និងសមិទ្ធិផលនានា ដែល ត្រូវបញ្ចុះសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ចំណាយថវិកាសរុបអស់ចំនួន ២៣ម៉ឺន ៣០៨៣ដុល្លារ​អាមេ​​រិក ក្នុងនោះ ព្រះវិហារចំណាយថវិកាអស់ ១៧ម៉ឺន ៥៥០៣ដុល្លារអាមេរិក ។

លោករដ្ឋមន្ត្រី បានកោត​សរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ព្រះចៅអធិ​ការ​​វត្ត សប្បុរសជន និង ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង​ព្រះវិហារ និងសមិទ្ធផល​នានា ក្នុងវត្តនេះឡើង សម្រាប់ជាទីសក្ការៈនៃពុទ្ធសាសនិកជនទូទៅ ហើយ​សមទ្ធិផលនេះ គឺបាន​បង្ហាញឲ្យឃើញពីការរីកចម្រើនលើវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា​របស់រដ្ឋ។ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ទាំងផ្នែក​ពុទ្ធចក្រ និងអាណាចក្រ អាចរីកចម្រើន​ទៅ​បានដោយសារតែ ប្រទេសជាតិយើង មានសុខសន្តិភាព ពេញលេញ តាមរយៈការអនុវត្តនយោបាយ​ឈ្នះៗ របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។ បច្ចុប្បន្នគ្រប់សាសនា​ ទាំងអស់​​នៅកម្ពុជា គឺត្រូវបានបើកទូលាយឲ្យប្រជាពលរដ្ឋ គោរពប្រតិបត្តិ តាមជំនឿរៀងៗខ្លួន ហើយ​បាន​រួមរស់ជាមួយគ្នា ដោយសុខដមរមនា ក្រោមដំបូលនៃ រដ្ឋធម្មនុញ្ញតែមួយ។

ចំពោះការីកចម្រើន លើវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តកំពង់ឆ្នាំ ដែលមានទីអារាមរហូតដល់ ជាង ២០០ និង​ព្រះ​សង្ឃគង់នៅប្រមាណ ២៥០០អង្គ និងអាចារ្យ ដែលទទួលបានការអប់រំបណ្តុះ​បណ្តា​ល វិជ្ជាជីវៈអាចារ្យ មាន ៧៧៦នាក់។ ក្រៅពីនេះចេត្ត ក៏មានសាលាពុទ្ធិករសិក្សាតាំងពីបឋមរហូតដល់ មានសាខានៃ​ពុទ្ធិកលាកវិទ្យាល័យថែមទៀតផង ដែលជាមោទនភាពមួយសម្រាប់ខេត្តកំពង់ឆ្នាំង។
លោករដ្ឋមន្ត្រី បានរំលឹកជូនប្រជាពលរដ្ឋផងដែរថា ថ្ងៃទី២០ ឧសភា នេះ គឺជាថ្ងៃមួយ​ដែលប្រជាពល​រដ្ឋ​សល់ពីការកាប់សំលាប់របស់របបប៉ុលពត បានចាត់ទុកជាថ្ងៃចងកំហឹងជាមួយបន ប្រល័យពូជ​សាសន៍ តែឥឡូវថ្ងៃនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាទិវានៃការចងចាំវិញ ហើយ ត្រូវបាន​បញ្ចូល​​ទៅ ក្នុងប្រតិទិនបុណ្យជាតិមួយ សម្រាប់រំលឹកពីការឈឺចាប់នៃរបបដ៏ឃោរឃៅនេះ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្តី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បោះ​ឆ្នោតទាំងអស់ ត្រូវបំពេញកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួន ដោយត្រូវអញ្ជើញទៅបោះឆ្នោតជ្រើស​រើស​តំណាងរាស្ត្រ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕
         

No comments

Powered by Blogger.