Header Ads

ផ្ការំដួល ជាអត្តសញ្ញាណជាតិ ល្បីរន្ទឺ និងជាឱសថបុរាណ ដ៏ពិសេស ពិសាល

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ផ្ការំដួល គេចាត់ទុកជាអត្តសញ្ញាណជាតិ ដែលថ្នាក់ជាតិលើកតម្កើង និងធ្វើជាពានរង្វាន់ដល់ជ័យលាភី ក្រុងណា-ខេត្តណា ដែលចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នឹងទទួលបាននិមិត្តរូប ជាផ្ការំដួល ១ទង ២ទង ទៅ៣ទង សម្រាប់ខេត្តនោះ។

លក្ខណៈសម្គាល់ផ្ការំដួល (នាមភូតគ្រាសាស្ត្រាឡាតាំង Sphearecoryne afinis, វេវចននាម Mitrella Mesnyi ឬ Popowia aberrans) គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជាប្រភេទដើមឈើដែលមានកម្ពស់ចាប់ពី ៣-១៥ ម៉ែត្រ សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណៈ គ្រើមៗបែកមែនសាខា ស្លឹកទោលរាង តែផ្តុយគ្នា រលោង ស្រួចចុងព៌ណប៉ៃតងចាស់។ ចំណែកឯផ្នែក​ខាងក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌លឿង ក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណៈស្រដៀងគ្នា មានកម្រាស់ក្រាស ហើយរឹង។ ផ្ការំដួលមាន ៦ត្របក រៀងគ្នាជា២ស្រទាប់ ក្នុង១ស្រទាប់មាន ៣ត្របក ហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាប់ ចុងត្របក មានលក្ខណៈស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ មីនា ផ្លែមានពណ៌ប៉ៃតងខ្ចី មូលតូចរលោង មានគ្រាប់​ប្រមាណ ១-២គ្រាប់ ជាលក្ខណៈកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។


រំដួលមានគុណប្រយោជន៍ ខាងឱសថបុរាណដូចជា៖ សំបកជួយបំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការ​វិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំងជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ ។

ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូច​ស្រី​ក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារ មួយចំនួន ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួល តំណាងឲ្យប្រទេស កម្ពុជាហើយនោះ ខាងមន្ទីរ​កសិ​កម្ម ក៏បានយកផ្កានេះ តំណាងឲ្យវិស័យកសិកម្មទៀតផង។

ដូចនេះ ប្រជាជនខ្មែរគ្រប់រូប ពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឲ្យមានក្លិនក្រអូប និងស្រស់​ស្អាត ដូចជាផ្ការំដួល ដែលតំណាងឲ្យប្រទេស ។ សូម្បីតែបទចំរៀង ក៏មានអ្នកនិពន្ធចូលចិត្ត និពន្ធ​ដោយ​ប្រើពាក្យផ្ការំដួល ឬរំដួល ដែលធ្វើឲ្យបទចម្រៀងមានភាពទន់ភ្លន់ ដូចជាក្លិនដ៏ប្រហើរនៃផ្ការំដួលនោះផងដែរ ៕

No comments

Powered by Blogger.