Header Ads

សម្តេច ហ៊ុនសែន បានចេញសារលិខិតក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់អនាម័យជនបទ” និងកម្ពុជាត្រូវបានចាត់ថ្នាក់ទី៦ នៃកំណើនសេដ្ឋកិច្ច ខ្ពស់បំផុតសម្រាប់រយៈពេលជាង ១០ឆ្នាំ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


កម្ពុជាត្រូវបានចាត់ថ្នាក់ទី ៦ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត សម្រាប់រយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។

សម្តេច ហ៊ុនសែន បានចេញសារលិខិតក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់អនាម័យជនបទ” ហើយសារនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដោយផ្អែកលើគោលការណ៍ “រួមគ្នាលើកកម្ពស់អនាម័យជនបទ” គឺជាការចាំបាច់ ដើម្បីធានាបាននូវវឌ្ឍនភាព និងនិរន្តរភាព ក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។ មានន័យថា ការចូលរួមយ៉ាង សកម្មពីគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ គឺជាកត្តាដែលពុំអាចខ្វះបាន។

ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយដៃគូអភិវឌ្ឍ ដែលរួមមានធនាគារពិភពលោក អង្គយូនីសែហ្វ គម្រោង CRSHIP នៃអង្គផ្លែនអន្តរជាតិ បានរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពីការរៀបចំផែនការ និងការអនុវត្តផែនការការងារ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីជួយឲ្យក្រុមការងារ អាចរៀបចំដំណើរការការងារ របស់ខ្ឡួនឲ្យទទួលបានជោគជ័យ នៅពេលអនាគត។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៍ជនបទ បានមានប្រសាសន៍ថា រាជរដ្ឋភិបាល សម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ដែលការអភិវឌ្ឍទាំងនោះ បានរួមចំណែកកាត់បន្ថយភាពក្រីក្រគួរ ឲ្យកត់សម្គាល់។ អត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៩,៥% ក្នុងឆ្នាំ២០០០ មករង្វង់ ១៤% ប៉ុណ្ណោះក្នុងឆ្នាំ២០១៤។ កម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលសម្រេចបាននូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការលម្អ សង្គមកិច្ច។ កម្ពុជាត្រូវបានចាត់ថ្នាក់ទី៦ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត សម្រាប់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។

ក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច របស់ប្រជាពលរដ្ឋ នៅជនបទតាមរយៈកម្មវិធីអភិវឌ្ឍ ចម្រុះ ដើម្បីបំពេញបន្ថែម លើវិស័យផ្សេងៗទៀត តាមតម្រូវការចាំបាច់នៅមូលដ្ឋាន ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជា ពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្តទៀតថា ដោយឡែកសម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួកត់សំគាល់ ជាក់ស្តែងរយៈពេល ៦ឆ្នាំ ចុងក្រោយ អត្រារីកចម្រើនអនាម័យជនបទ មានការកើនឡើងពី ២៣% នៅឆ្នាំ ២០០៨ ដល់ ៥២.៩ % នៅឆ្នាំ ២០១៥។
បើប្រៀបធៀបជាមួយគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ៣០% នៅឆ្នាំ ២០១៥ យើងសម្រេចបានលើសគោលដៅ។ សម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ប្រជាពលរដ្ឋ ៥២% ទទទួលបានការផ្គត់ផ្គង់ទឹកដែលមានការកែលម្អ លើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលកំណត់ត្រឹមតែ ៥០% នៅឆ្នាំ ២០១៥ ដូចគ្នា។ ដើម្បីសម្រេចបាននូវទស្សនវិស័យ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ‍ “ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទ គ្រប់រូបត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យ ប្រកបដោយនិរន្តរភាព ”។

ដើម្បីជម្រុញការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (Technical Working Group - Rural Water Supply, Sanitation and Hygiene) បាននឹងកំពុងអនុវត្តផែនការ សកម្មភាពជាតិ (National Action Plan) ដោយសហការជាមួយដៃគូអភិវឌ្ឍ អង្គការ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ការទទួលបាន ទឹកស្អាត និងអនាម័យ ដែលមានការកែលម្អ នៅជនបទ ក្នុងប្រទេសកម្ពុជា ឲ្យបាន ៦០% ត្រឹមដំណាច់ឆ្នាំ ២០១៨ និង ១០០% ត្រឹមឆ្នាំ ២០២៥។

ដើម្បីបង្កើនការចូលរួមទទួលខុសត្រូវក្នុងការអនុវត្ត និងតាមដានត្រួតពិនិត្យ ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំស្តីពីការបង្កើតក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រាជធានី -ខេត្ត(Provincial Working Group for Rural Water Supply, Sanitation and Hygiene-PWG-RWSSH) ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៧៕

No comments

Powered by Blogger.