Header Ads

សម្តេច ហេង សំរិន អនុញ្ញាត លោកជំទាវ ហា ធីង៉ា សមាជិកគណៈ កម្មាធិការកណ្តាល​មជ្ឈឹមបក្ស​កុម្មុយ​នីស្ត និងប្រធានសហព័ន្ធ នារី វៀតណាម ចូលជួបសម្តែងការគួរសម ខណៈ​ដែលលោកជំទាវដឹក នាំគណៈ​ប្រតិភូ មកបំពេញទស្សនកិច្ចកម្ពុជា

 ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិ​ការ​កណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម​ខណៈដែលលោកជំទាវ ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។


សម្តេច ហេង សំរិន មានសេចក្តីរីករាយក្រៃលែងចំពោះ លោកជំទាវ ហា ធីង៉ា និងគណៈប្រតិភូដែលបាន​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ​ពិតជារួមចំណែកដល់ការពង្រឹងទំនាក់​ទំ​នង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង បក្ស រដ្ឋ ប្រជាជនប្រទេស​ទាំង​ពីរ។ សម្តេច​បានអបអរសាទរលោកជំទាវ ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារី​វៀតណាម សម្រាប់​អាណត្តិទី១៣ ឆ្នាំ២០២២-២០២៧ ផងដែរ។ ហើយវត្តមានស្រ្តីនៅក្នុងវិស័យ​នយោបាយ និង​កិច្ច​ការ​សង្គម​ទូទៅ ទាំងនៅវៀតណាម និងកម្ពុជា ជួយលើកកម្ពស់សិទ្ធនារី និងការជំរុញ​លើកកម្ពស់​យ៉េនឌ័រ ដែល​ជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោក ក្នុងការអភិវឌ្ឍប្រទេស​​ជាតិ​របស់ខ្លួន ដែលជា​កម្លាំង​ស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកថែរក្សា​សន្តិភាព​សណ្តាប់ធ្នាប់​សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ។

លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋ​សភា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់សម្តេច បានអនុញ្ញាតឲ្យគណៈប្រតិភូ​ចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវ បានជម្រាបសម្តេចប្រធានរដ្ឋសភា​ពីលទ្ធផលការ​ងារ​ដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមកនៅក្នុងនោះមានកិច្ចសហប្រតិបត្តិការ​ដ៏ល្អរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។ លោកជំ​ទាវ បាន​ជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិក​ចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនូន១៥១នាក់ ដែលស្មើរប្រមាណជាង៣០%។ លោកជំទាវ ហា ធីង៉ា បានគោរព​ស្នើ​សូម សម្តេច ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភា​កម្ពុជាជាស្រ្តីនិងសហព័ន្ធនារីវៀតណាមនៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។

សម្តេច ហេង សំរិន បានថ្លែងថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវ​បានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណៈ ទាំងនៅ​ថ្នាក់​​ជាតិ និងក្រោមជាតិ។ ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការ​ជំរុញការអនុវត្ត​កិច្ច​ព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបាន​កាន់តែល្អថែមទៀត៕

https://kronglungvek.com.kh

No comments

Powered by Blogger.