Header Ads

ឯកឧត្តម ហ៊ុន ម៉ានី រំលឹកកាលពី ៤៥ ឆ្នាំមុន ដែលសម្តេចពុក ធ្វើដំណើរឆ្ពោះទៅសង្រ្គោះជាតិ ទើបមានសន្តិភាពដូចសព្វថ្ងៃ

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា កាលពី៤៥ ឆ្នាំមុន ពុកបានចាកចេញ ពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជាពិសេសពីកូនប្រុស ដែល មិនទាន់បានកើតនៅឡើយ ដើម្បីស្វែងរកការរំដោះជាតិមាតុភូមិ។


ទោះបីជាស្ថិតនៅក្នុងស្បៃអន្ធការនៃសោកនាដកម្ម និងអំពើឃោរឃៅ​ជាច្រើន ដែលពុកបានឆ្លងកាត់ក្នុងពេលនោះ តែ ពុកបានជម្នះឧបសគ្គ​ទាំងអស់បាន ហើយងើបឡើងតស៊ូដើម្បីបុព្វហេតុតែមួយគត់ គឺជាតិ​មាតុ​ភូមិ និង ប្រជាជន។

សម្តេចពុក បានខិតខំប្រឹងប្រែងប្រកៀកស្មារប្រយុទ្ធជាមួយបណ្តា​យុទ្ធមិត្ត ជាច្រើនរូប ក្នុងសមរភូមិ យ៉ាងសាហាវឃោរឃៅបំផុត ទើប​ទទួលជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ ប៉ុលពត នាថ្ងៃ០៧ មករា ១៩៧៩។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នេះ គឺជាការចងចាំមួយសម្រាប់​ប្រជា​ពល​​រដ្ឋខ្មែរទូទាំងប្រទេស នូវ
ការសម្រេចចិត្តដ៏លំបាកបំផុតរបស់បុរស​ម្នាក់ក្នុងការលះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិតដើម្បីប្រទេសជាតិ​របស់ខ្លួនតែប៉ុណ្ណោះទេ តែជាការរំឭកឡើងវិញនូវស្មារតីនៃក្តីសង្ឃឹមការជឿជាក់លើប្រទេសជាតិខ្លួនឯង ការមិនបោះបង់ចោលជាតិសាសន៍ និងប្រជាជនខ្លួនគ្រប់កាលៈទេសៈណាក៏ដោយ។

គម្រូវីរភាពដ៏អង់អាចនេះហើយ ដែលបានចាក់ឫសក្នុងក្រឳបេះដូង​របស់​យើង​គ្រប់គ្នា។

ឯកឧត្តម ហ៊ុន ម៉ានី បានសូមធ្វើការគោរព និងបួងសួងដល់វិញ្ញាណ​ក្ខ័ន្ធយុទ្ធជន និងជនរួមជាតិខ្មែរទាំងអស់ ដែលបានពលីជីវិត និងបាត់​​បង់ជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរណ្តៅមរណៈនៃបន​ប្រល័យ ពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

សូមឱ្យមេរៀនឈឺចាប់ទាំងអស់នេះ ស្ថិតក្នុងការចងចាំរបស់យុវជន​ជំនាន់​​ក្រោយ ដើម្បីពួកគេអាចស្វែងយល់ ពីតម្លៃនៃសុខសន្តិភាព​មួយ​នេះ ដែលត្រូវបានតស៊ូពុះពារជម្នះ ឧបសគ្គជាច្រើនរយជំពូកទម្រាំ​អាច​កសាង និងរក្សាបានមកដល់សព្វថ្ងៃនេះ។

សន្តិភាពដែលយើងកំពុងតែរស់នៅប្រកបដោយជីវភាពរុងរឿង សំបូរ​សប្បាយនាថ្ងៃនេះ កើតចេញពីការ លះបង់ដ៏ធំធេងជាច្រើន និងការ​សម្រេចចិត្តក្នុងកាលៈទេសៈដ៏លំបាកបំផុតមួយកាលពី ៤៥ ឆ្នាំមុន។

https://kronglungvek.com.kh

No comments

Powered by Blogger.