វគ្គបណ្តុះបណ្តាលស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការ បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញ
ដោយៈ ហុងចំណាប់
ខែឧសភា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខា ធិការ គ.ជ.ប ជាប្រធាន ក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អង្គ ការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាដើម។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិ
ការ គ.ជ.ប មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០២មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ឃុំ សង្កាត់ តាមបែបវិមជ្ឈការ ហើយកម្ពុជាបានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង បានចំនួន ៤ លើករួចមកហើយ។ បច្ចុប្បន្នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងតែរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម ទេព នីថា មានប្រសាសន៍បន្តថា ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តាមបែបវិមជ្ឈការបានផ្តល់ឱ្យប្រជាពលរដ្ឋនៅក្នុង ឃុំ សង្កាត់នីមួយៗ មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន និងបានផ្តល់សិទ្ធិ និងការទទួលខុសត្រូវជូនប្រជាពលរដ្ឋក្នុងការចូលរួមយ៉ាងសកម្មនៃដំណើរការអភិវឌ្ឍមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ ឃុំ សង្កាត់ ជានីតិបុគ្គល ដោយត្រូវគ្រប់គ្រងតាមប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន ហើយអំណាចដឹកនាំគ្រប់គ្រងឃុំ សង្កាត់ បានមកដោយការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះហើយជាហេតុផលដែលយើងត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ រៀងរាល់ ៥ឆ្នាំម្តង។
ឯកឧត្តម ទេព នីថា បានបន្ថែមទៀតថាក្នុងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បានអនុវត្តសម្រេចការងារជាបន្តបន្ទាប់តាមដំណាក់កាលកំណត់ ជាពិសេសការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២១ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០២២ ការកសាងប្រតិទិន និងផែនការនៃការបោះឆ្នោត ការអនុម័តបទបញ្ញា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ ការជ្រើសរើស និងតែងតាំងមន្ត្រី គ.ជ.ប សមាសភាព គធ.ខប មន្ត្រី លគធ.ខប និងសមាសភាព គឃ.សប ព្រមទាំងបានធ្វើការបណ្តុះបណ្តាល ដើម្បីបំពាក់ បំប៉នចំណេះដឹង និងជំនាញអំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងការអនុវត្តដល់ មន្ត្រីបោះឆ្នោតទាំងអស់ និងភាគីពាក់ព័ន្ធក្នុងដំណាក់កាលទី១ រួចរាល់ហើយ។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបន្តទៀតថា ការបណ្តុះបណ្តាលអំពីបទបញ្ជា និងនីតិវីធីនៃការបោះឆ្នោតដំណាក់កាលទី២ ជូនមន្ដ្រីគ.ជ.ប ប្រធាន និងសមាជិក គធ.ខប ប្រធាន លគធ.ខប និងភាគីពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការគ្រប់គ្រង និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដោយមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាជំនួយដល់ការ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមការធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខរបស់មន្ត្រីបោះឆ្នោត។
ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម ទេព នីថា បានរំឭកដល់គ្រូឧទ្ទេសទាំងអស់ សូមយកចិត្តទុកដាក់ធ្វើបទបង្ហាញ ពន្យល់ បកស្រាយចំណុចនីមួយៗឱ្យបានច្បាស់លាស់ ក្បោះក្បាយ និងតាមវិធីសាស្ត្រងាយៗ ដើម្បីឱ្យសិក្ខាកាមឆាប់យល់ និងឆាប់ចាំ។ បន្ទាប់មក ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវរាល់ចំណុចសំខាន់ៗនៃមេរៀននីមួយៗ ព្រមទាំងលើកជាសំណួរចំពោះចំណុចណា ដែលមានភាពមិនច្បាស់លាស់ ដើម្បីគ្រូឧទ្ទេសក៏ដូចថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានធ្វើការបំភ្លឺជូន ចៀសវាងការយល់ខុស ឬយល់មិនច្បាស់ ដែលនាំឱ្យពេលអនុវត្តជាក់ស្ដែង ធ្វើខុស ឬមិនបានត្រឹមត្រូវតាមបទបញ្ជ និងនីតិវិធីសម្រាប់ការបោះឆ្នោតរបស់ គ.ជ.ប។ ក្រោយពីបានទទួលការបណ្តុះបណ្តាលនេះហើយ សូមសិក្ខាកាមទាំងអស់បន្តធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត លើច្បាប់ស្តីពីការបោះឆ្នោត បទបញ្ញា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេង ទៀតជាធរមាន ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ថែមទៀតលើកិច្ចការបោះឆ្នោត សម្រាប់អនុវត្ត និងសហការអនុវត្តតាមសមត្ថកិច្ចរៀងខ្លួនប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តម ទេព នីថា បានបញ្ជាក់បន្ថែមទៀតថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែក្នុងករណីដែលអ្នកបោះឆ្នោត ពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់បានអស់សុពលភាព ឬបាត់ ឬខូច ឬកែតម្រូវ ផ្អែកតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្ដីណែនាំរួមលេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប សាមីអ្នកបោះឆ្នោតនោះអាចទៅបំពេញបែបបទស្នើសុំឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពី គឃ.សប និងអាជ្ញាធរឃុំ សង្កាត់បាន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ដូចនេះ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់ជូននូវឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)ដល់ប្រជាពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរសម្រាប់ប្រើបោះឆ្នោតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ព្រោះរយៈពេលនៃការស្នើសុំ និងការចេញឯកសារនេះ គឺមានរយៈពេលតែ ៣០ថ្ងៃគត់ និងបញ្ចប់នៅ១ថ្ងៃមុនថ្ងៃបោះឆ្នោត៕
https://kronglungvek.com.kh

Post a Comment