សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីបឹងទន្លេសាបថា ទីតាំងបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ពិសេសត្រូវ កាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង
ខេត្តកំពង់ឆ្នាំង
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួនដែលរស់ នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។ សម្ដេចតេជោ សង្ឃឹម ថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជា ជន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ តំបន់បឹងទន្លេសាបនេះ បានចែកចេញជា៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។ហើយតំបន់បឹងទន្លេសាបនេះ ក៏បានចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេសាបនេះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។
សម្តេចតេជោ ក៏បានណែនាំទៅដល់ខេត្តទាំង៦ ដែលស្ថិតនៅជាប់នឹង បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញ បឹងទន្លេសាប និងការពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង។ ដើម្បីកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នេះ ជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗ នៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ដើម្បីកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។ ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើល ពីកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។
សម្តេចតេជោ បានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យ ផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។
សម្តេចតេជោ បានសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះសូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅ ទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល៕
https//kronglungvek.com.com.kh

Post a Comment