សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន ឈានដល់កម្រិតល្អប្រសើរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈដែលសម្តេច ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់
ដោយៈ សេង ស៊ីដារ៉ូ
សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២។ នៅពេលនោះដែរ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្រុមការងាររបស់លោកបានធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ដើម្បីជំរុញការទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យមានភាពល្អប្រសើរទ្វេរឡើង។ បន្ទាប់មកក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិក នស្ថាប័នសភា ដើម្បីឱ្យរដ្ឋាភិបាលអាមេរិក ធ្វើយ៉ាងណាឱ្យ យល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហររបស់កម្ពុជា ពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។ លោក ស្កុត ដេវីដ ផាវិន បានបន្តទៀតថា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនេះ គឺបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អបំផុត ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។ ខណៈពេលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន បានឈានដល់កម្រិតល្អប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូចជាការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើនគួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ភាគរយ។ សម្តេចតេជោ បានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដែលកន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ២០១៧ផងដែរ។ ការផ្អាកនោះ គឺដោយសារកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ពីការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជាដែលជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនង ដោយ បើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។ សហរដ្ឋអាមេរិក បានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិ យោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម៕ https://kronglungvek.com.kh

Post a Comment