Header Ads

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា មុននឹងតែងតាំងមុខតំណែងមន្ត្រី​នគរបាលជាតិ ត្រូវធ្វើតាមនិតីវិធី និងកំណត់លក្ខណៈសម្បត្តិជាមុន

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងនិតីវិធី​នៃ​ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ។

ក្រសួងមហាផ្ទៃបានកំណត់លក្ខណៈសម្បតិ្ត ៩ ចំណុចក្នុងការតែងតាំង​មុខតំណែងមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ថ្មីៗ​នេះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កន្លងមក ក្រសួងមហា​ផ្ទៃបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តកម្មវិធីកំណែទម្រង់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ ឱ្យស្របតាមកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទៅតាមដំណាក់កាល​នី​មួយៗដោយក្នុងនោះក្រសួងមហាផ្ទៃបានធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងកែសម្រួលតួនាទីភារកិច្ចព្រមទាំងកំណត់នូវលក្ខណៈសម្បត្តិ និងណែនាំនូវនិតិវិធីសម្រាប់ការងារតែងតាំងមុខតំណែងមន្ត្រី
នគរបាលជាតិជាបន្តបន្ទាប់។

ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដើម្បីពង្រឹងការងារតែងតាំងមុខតំណែងមន្ត្រី​នគរបាលជាតិ ឱ្យកាន់តែប្រសើរថែមទៀតក្នុងការបង្កើនប្រសិទ្ធភាព​នៃ​កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម។ ក្រសួងមហាផ្ទៃធ្វើការណែនាំអំពីការកំណត់លក្ខណៈសម្បត្តិ និងនិតិវិធីក្នុងការត្រួតពិនិត្យវាយតម្លៃ សម្រាប់ការស្នើសុំតែងតាំងមុខ​តំណែងជូនដល់មន្ត្រីនគរបាលជាតិទាំងពីភេទ រួមមានដូចខាងក្រោម៖

១. មានមនសិការសេ្នហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ

២. គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុងគោល​នយោបាយ និងច្បាប់របស់រដ្។ឋ

៣. មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជា្ជជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយម សកម្មការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ។

៤. មានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឱ្យ​ប៉ះពាល់​ដល់កិត្យានុភាពអង្គភាព និងកិត្តិយសរបស់ជាតិ។

៥. មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ត្រីរួម​ការ​ងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះកៀរគរកម្លាំងសាធារណៈចូលរួម​សហ​ការ​​បំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ។

៦. ជាសេវាបម្រើ ជាអ្នកការពារដ៏ស្មោះត្រង់ និងទទួលបានទំនុក​ចិត្តពីអង្គ​ភាព និងប្រជាពលរដ្ឋ។

៧. មានសមត្ថភាពគ្រប់គ្រងបញ្ជាដឹកនាំ និងបំពេញភារកិច្ចប្រកប​ដោយ​ប្រសិទ្ធភាព មានការគាំទ្រ។គោរពស្រឡាញ់ជឿជាក់​ទុកចិត្តពី​មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ

៨. មានសុខភាពល្អ និងកាយសម្បទាមាំមួន

៩.បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាតិយ៉ាងតិចពីរខែ
រាល់ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តឱ្យបានត្រឹម​ត្រូវតាមរបៀបរបបការងារគោលការណ៍ លក្ខណៈសម្បត្តិនៃការតែង​តាំង និងត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវផងដែរ៕

https://kronglungvek.com.kh


No comments

Powered by Blogger.