សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេ ស៊ី ជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុ ជា ដើម្បីអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចហេង សំរិន បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងការរួមចំណែកដ៏សំខាន់បន្ថែមទៀតដល់ ការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំ មកនេះ ឱ្យកាន់តែរឹងម៉ាំខ្លាំងក្លាថែមទៀត។
សម្តេច ហេង សំរិន ស្នើដល់ភាគីម៉ាឡេស៊ីជួយជំរុញការវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចបានស្នើសូមឯកឧត្តមនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាព បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប បានជម្រាបជូនសម្តេចហេង សំរិន ពីលទ្ឋផលនៃជំនួបពិភាក្សាការងារ និងជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ដោយបានឯកភាពគ្នាការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាខ់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន និងសន្តិព័ត៌មានវិទ្យា ជាដើម។
សម្តេច ហេង សំរិន បានលើកឡើងថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។ រដ្ឋសភាកម្ពុជាបានវាយតំលៃខ្ពស់ចំពោះ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀង និងអនុស្សរណៈនានា ជាមួយគ្នា គឺដើម្បីត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។ ហើយរដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងសូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ស្របតាមការវិវឌ្ឍន៍នៃសភាពការណ៍សកលលោកនាបច្ចុប្បន្ន។
សម្តេច ហេង សំរិន បានបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងម៉ាឡេស៊ី ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើម។
ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីនយ៉ាកុប បានថ្លែងអំគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។
ឯកឧត្តម នាយករដ្ឋមន្រ្តី បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្របណាមួយ៕
https://kronglungvek.com.kh
Post a Comment