ប្រាសាទតាក្របី មានទីតាំងនៅលើភ្នំដងរែក ដែលជាច្រកសម្រាប់ធ្វើ ជំនួញគោ ក្របី ឆ្លងដែនលក់នៅថៃ
ខេត្តឧត្តរមានជ័យៈ
ដោយ៖ សេង ស៊ីដារ៉ូ
ប្រាសាទតាក្របីមានទីតាំងស្ថិតនៅភូមិឈើស្លាប់ ឃុំគោខ្ពស់ ស្រុក បន្ទាយអំពិល មានចម្ងាយ៥៧គ.ម ពីខេត្តឧត្តរមានជ័យ តាមផ្លូវ ជាតិ លេខ៥៦ និងមានចម្ងាយ៣០គ.មពីទីរួម ស្រុកបន្ទាយអំពិល។
ហើយប្រាសាទតាក្របីនេះ មានចម្ងាយប្រមាណ១០គ.ម ភាគខាងកើត ពីប្រាសាទតាមាន់ធំ ។
មានចាស់ៗជាច្រើន ដែលមានដើមកំណើតក្នុងស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ តែងបានចាំរឿងប្រវត្តិប្រាសាទតាក្របីនេះថាកាលពីដើមមកជួរខ្នងភ្នំដងរែក គឺជាផ្លូវឆ្លងកាត់រហ័សពីតំបន់ មួយ ទៅតំបន់មួយ ហើយបានក្លាយជាច្រករដ៏សំខាន់សម្រាប់ឈ្នួញឆ្លងដែន ពីទឹកដីខ្មែរទៅកាន់ថៃ បានឆាប់រហ័សបំផុតហើយក៏ជាច្រកជំនួញគោ ក្របីឆ្លងដែននាំចេញទៅលក់ផងដែរ។
ទីតាំងប្រាសាទតាក្របីនេះ ពីមុនមិនទាន់មានឈ្មោះឲ្យពិតប្រាកដនោះឡើយ ប៉ុន្តែក្រោយពីមានការ ជួញដូរគោក្របីឆ្លងដែន ទើបពួកឈ្មួញជាអ្នករកស៊ីតែងតែហៅតៗគ្នាថា ប្រាសាទតាក្របី ដែលធ្វើឲ្យតំបន់នោះក្លាយជាជំនួញគោ ក្របី ឬជាការកំណត់ទីតាំងរបស់អ្នកជួញដូរទីនោះ សម្រាប់សន្មត់សម្គាល់ទីតាំងជាកន្លែង ទិញគោ ក្របីមុនឆ្លងដែន (នេះគ្រាន់តែជារឿងតំណាលតៗគ្នាប៉ុណ្ណោះ)។
យោងតាមឯកសាររបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ដែលបង្ហោះតាមបណ្តាញសង្គមបានឲ្យដឹងថា ប្រាសាទតាក្របី សាងសង់អំពីថ្មភក់ជាប់ផ្ទាល់ដី ដោយមានគោបុរៈ«Gopura»
បែរទៅរកទិសទាំងបួន ដែលមានទំហំ៣០មx៣០ម ហើយមានទីតាំងនៅលើជួរភ្នំដងរែក។ ចម្លាក់
នៅក្នុងប្រាសាទនេះ គេបានពិពណ៌នាអំពីព្រះយម «Yama» ហើយទ្រង់ជិះក្របីតាមរយៈសំណង់ស្ថាបត្យកម្មប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី១២-១៣ ក្នុងរចនាបថក្រោយអង្គរវត្ត
ឬបាយ័ន។
ប្រាសាទនេះប្រហែលចាប់ផ្តើមសាងសង់នៅក្នុងសតវត្សរ៍ទី១១ ប៉ុន្តែសាងសង់មិនទាន់រួចរាល់ឡើយដូចប្រាសាទកែវនៅខេត្តសៀមរាប។
នៅតួប៉មកណ្តាលមានតម្កល់លិង្គរបស់ព្រះសិវៈ ហៅថា ស្វ័យម្កូវលិង្គ «Svayambhuva Linga» មានន័យថាលិង្គ កើតឡើងដោយឯកឯង ដូច្នេះប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ៕

Post a Comment