Header Ads

សម្តេច ហេង សំរិន ចូលរួមអបអរសាទរខួប៣០ឆ្នាំ ដែលប្រាសាទអង្គរ វត្តបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជួយបន្តចូល រួមថែរក្សា ការពារប្រាសាទបូរាណ វប្បធម៌សិល្បៈរបស់យើង ឱ្យបាន គង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់

ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ចូលរួមអបអរសាទរខួប៣០ឆ្នាំ ដែលប្រាសាទអង្គរ វត្តបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នំា១៩៩២ ដែលត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ ហើយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក៏ជា​ខួបលើកទី៣០ឆ្នាំ ដែលប្រាសាទអង្គរវត្តត្រូវបានដាក់ចូលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរនេះ​ឡើងដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែ​រ​ក្សា​បេតិកភណ្ឌជាតិ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាល​ជ្រៅ​​ដល់បុព្វបុរសខ្មែរយើង ដែលលោកបានពលិកម្មដើម្បីបុព្វហេតុ​អារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្ត​បន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភព​លោកទាំងមូល។

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា អង្គរវត្ត ជាប្រាសាទមួយដ៏​ល្បីល្បាញរបស់ប្រទេសកម្ពុជា ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិ​កភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ប្រាសាទ និងសិល្បៈ​របស់​​យើងជាច្រើនទៀត ក៏ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃ​គុក របាំព្រះរាជទ្រព្យ លោ្ខនខោល ជាដើម។

សម្តេច ហេង សំរិន បានបន្តទៀតថា ការបញ្ចូលជាសម្បត្តិបេតិភណ្ឌ​ពិភព​លោក រាល់កេរដំណែលរបស់យើងនេះ បានបង្ហាញឱ្យអន្តរជាតិ​ស្គាល់​នូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលមានតំាងពី​អតីតកាលមក។ យើងមានមោទកភាពជាទីបំផុតចំពោះ​បុព្វបុរស​ខ្មែរ​យើង ដែលបានបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយនេះ។

សូមប្រជាពលរដ្ឋខ្មែរទាំងអស់ជួយបន្តចូលរួមថែរក្សា ការពារប្រាសាទ​បូរាណ វប្បធម៌សិល្បៈរបស់យើង ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់​ជំនាន់​តរៀងទៅ៕

https://kronglungvek.com.kh

No comments

Powered by Blogger.