ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញអបអរសាទរការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ តាមបណ្តាខេត្ត នានា
ដោយៈ សេង ស៊ីដារ៉ូ
ទោះបីរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនប្រារព្វពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែថ្នាក់ជាតិនៅរាជធានីភ្នំពេញ ប៉ុន្តែ តាម បណ្តាខេត្តនៅតែអាចបន្តរៀបចំពិធីជាប្រពៃណី ទំនៀមទំលាប់ដដែរ។
ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ពិតជាយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសុខទុក្ខរបស់ប្រជាជនជាចម្បង តាមរយៈការ បន្តគិតគូរលើការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ខណៈវិបត្តិនេះនៅតែ បន្តមាន ហើយនៅតែជាកង្វល់របស់ថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋ គ្រប់ៗរូប។ ការសម្រេចខាងលើរបស់រាជរដ្ឋាភិបាលកម្ពុជា បានវាយ តម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយនឹងមានការចូលរួមពី ប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ នាពេល ដ៏ខ្លីក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំតាមមូលដ្ឋានខេត្តទាំងអស់ ដែលបាននឹងកំពុងគិតគូររៀបចំពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួម បង្កើតភាពសប្បាយរីករាយក្នុងមូលដ្ឋាននា ក្នុង ឱកាសពិធីបុណ្យប្រពៃណីជាតិយើង។ ឯកឧត្តម ហ៊ុន ម៉ានី លើកទឹក ចិត្តដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមតាមមូលដ្ឋានរបស់ខ្លួនឱ្យ បានច្រើនកុះករ ហើយសូមបន្តរក្សាការពារ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព និងសុខមាលភាពខ្លួន ព្រមទាំងក្រុមគ្រួសារជានិច្ច ជាពិសេសស្របពេលស្ថានភាពកម្រិតទឹកភ្លៀងនៅបន្តឡើងចុះ ហើយម្យ៉ាងជំងឺកូវីដ១៩ នៅតែមាននៅឡើយ៕
https://kronglungvek.com.kh

Post a Comment