សម្តេចហេង សំរិន ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានធ្វើឲ្យសង្គមជាតិមានការរីកចម្រើន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩ កម្ពុជា គឺគ្មានអ្វីទំាងអស់
ខេត្តត្បូងឃ្មុំ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា រាជរដ្ឋាភិ បាលដឹកនាំដោយគណបក្សប្រជាជន បានធ្វើឲ្យសង្គមជាតិមានការរីកចម្រើនជឿនលឿន ពីព្រោះថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ កម្ពុជា គឺគ្មានអ្វីទំាងអស់។
ការថ្លែងនេះ ក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន១២បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របងខ្លោងទ្វារថ្មី និងការជួសជុលអាគារសិក្សាចាស់ចំនួន៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។
សម្តេច ហេង សំរិន បានបញ្ជាក់ទៀតថា របបប៉ុលពតបានបំផ្លិចបំផ្លាញសង្គមជាតិស្ទើរតែទាំងស្រុង ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសង្គម។ បច្ចុប្បន្ននេះ ប្រជាជនរស់នៅតំបន់ដាច់ស្រយាលនានា លែង ជួបការលំបាកដូចពេលមុនៗទៀតហើយ ការធ្វើដំណើរទៅមកបានឆាប់រហ័សទាន់ចិត្ដ ជីវភាពរស់នៅរបស់ប្រជាជនធូរធារ និងប្រសើរឡើងជាលំដាប់។ បណ្ដាទីក្រុង ដូចជា រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ ទីប្រជុំជន មានផ្សារទំនើបធំៗ អាគារបុរីនានា ភូមិគ្រឹះទំនើបៗ និងអគារខ្ពស់ៗរាប់ សិបជាន់ បានសាងសង់រួច និងកំពុងសាងសង់ នេះជាភាពរីកចំរើនឆាប់រហ័ស ស័ក្តិសមជា «ប្រទេសកំពុងអភិវឌ្ឍន៍»។
សម្តេច ហេង សំរិន បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសថា ត្រូវអប់រំ និងបណ្តុះបណ្តាលកូនចៅអោយមានការសិក្សាបានគ្រប់គ្នា មានតែចំណេះដឹងទេ ដែលជាស្ពានពន្លឺផ្លូវជីវិតដ៏ត្រចេះត្រចង់របស់កូនចៅគ្រប់ៗរូប ទៅថ្ងៃអនាគត។ សម្តេចក៏បាន លើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវបំផុសផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ បង្កើនការដាំដុះរុក្ខជាតិនៅតាមសាលារៀន៕
https://kronglungvek.com.kh

Post a Comment