Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ នៅស្រុកសូត្រនិគម ដែលជាគម្រោង​​កែលម្អ​ផ្លូវជនបទ ជំហានទី២ ចំណាយថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក

ខេត្តសៀមរាបៈ

ដោយ៖ ឌឹម គឹមហាក់


 រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ ឯកឧត្ដម នួន ដាញ៉ិល រដ្លេខា​ធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្ដីបច្ចេកទេស បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់មួយខ្សែមានប្រវែង ១៧គ.ម នៅស្រុកសូត្រនិគម ខេត្តសៀមរាប នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនានា​ពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ដោយឆ្លងកាត់ឃុំចាន់ស និង​ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដោយស្ថាបនាក្នុងក្របខ័ណ្ឌ​គម្រោង​​កែលម្អផ្លូវជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ លទ្ធផលនៃកាសាងសង់សម្រេចបាន ២២% ហើយ​។ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០១៩។


លោកប្រធានមន្ទីរ បានបន្តថា នៅខេត្តសៀមរាប ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែលបាននឹងកំពុងដំណើរការការដ្ឋានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានចំនួន ៦ ខ្សែ សរុបប្រវែង ១២២ គ.ម ក្នុងនោះមាន ផ្លូវពីស្រែណយទៅប្រាសាទ ក្នុងស្រុកវ៉ារិនប្រវែង ៣៣,៣ គ.ម។ ផ្លូវពីខ្នារ ទៅកែវព័ណ៌ក្នុងស្រុកពួកប្រវែង ១០ គ.ម។ ផ្លូវពី ចារឈូកទៅមោង ក្នុងស្រុកអង្គរជុំ និង​ស្រុកស្រីស្នំប្រវែង ២១,៦ គ.ម។ ផ្លូវពីតាសោមទៅគោកដូង ក្នុងស្រុកអង្គរជុំប្រវែង ១០,៦ គ.ម។
ផ្លូវពីស្រុកអង្គរជុំទៅស្រុកពួកប្រវែង ២៩,៥ គ.ម និងផ្លូវពីឃុំខ្ចាស់ទៅឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ប្រវែង ១៧គ.ម ដែលកំពុងដំណើរការនាពេលនេះ។

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ​ បានមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ ជាគម្រោង​របស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហម នៅ​ជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើ​ដំ​ណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ គម្រោងនេះអនុវត្តនៅក្នុងខេត្តគោលដៅទាំង១០ ងាយ​ស្រួល​ទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយ​ស្រួល​​ក្នុងការទទួលបានសេវាសង្គម។

លោករដ្ឋមន្ត្រី បានបន្តថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ មានរយៈពេល ៦ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៥ ដល់ ឆ្នាំ២០២០ មានថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក ក្នុងនោះមានថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank)រដ្ឋាភិបាលអូស្រ្ដាលី (Australian Govenement) មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ទីភ្នាក់ងារ​បារាំង​​សម្រាប់អភិវឌ្ឍន៍ (AFD) និងមូលនិធិអាកាសធាតុជាយុទ្ធសាស្រ្ដ (Strategies Climate Fund)​សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST សរុបប្រវែង ១ ២០០ គ.ម ​នៅក្នុងខេត្តគោលដៅ​ទាំង​​​១០ គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពី កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមាន​ជ័យ​ខេត្តកំពង់ធំ និងខេត្តសៀមរាប។

លោករដ្ឋមន្រ្ដី បានបន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី នៅតែបន្ត​អនុវត្តនយោបាយហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរដឹកជញ្ជូន​ផលិត​ផល និងទំនាក់ទំនងទៅកាន់តំបន់ទទួលសេវាសាធារណៈទាន់ពេលវេលា៕

No comments

Powered by Blogger.