Header Ads

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានសាងសង់ស្ពាន និងផ្លូវ នៅក្រុងច្បារមន

កំពង់ស្ពឺៈ

ដោយ៖ ហុង ចំណាប់


នៅថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ រួមដំណើរដោយលោក សួស គង់ រដ្ឋលេខាធិការ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុនសៀងហៃ construction បានអញ្ជើញ​ពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ប្រវែង ១២៥ម៉ែត្រ ទទឹង ១០ម៉ែត្រ និងផ្លូវបេតុងអម​សង​ខាង​ស្ពានប្រវែង ១៦២ ម៉ែត្រ ។

សំណង់ស្ពានបានសាងសង់រួច ១០០%ហើយ ដោយឡែកផ្លូវបេតុងដែលកំពុងសាងសង់សម្រេចបាន ៤៥ %។ ស្ពាននេះត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលមានព្រំប្រទល់​ភាគខាងត្បូងនៃស្ពាន ជាប់ភូមិផ្សារចាស់ សង្កាត់ ស្វាយក្រវ៉ាន់ និងភាគខាងជើងជាប់ភូមិព្រៃស្លឹក និងភូមិបុរីកម្មករ ក្នុងភូមិ​សាស្រ្ដ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាងសង់ដោយក្រុមហ៊ុនសៀងហៃ construction ដែលជា​គម្រោង​កែ​លម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់​ហិរញ្ញប្ប​ទាន​ជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។


ក្នុងឱកាសចុះពិនិត្យការដ្ឋាននេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសាងសង់ស្ពាននេះ ជាការរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាល និងធ្វើ​ឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នេះ កាន់តែប្រសើរឡើង។
លោករដ្ឋមន្រ្ដី​ បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនសៀងហៃ construction​ ព្រមទាំងបានថ្លែង​អំណរ​គុណ​​យ៉ាងជ្រាលជ្រៅ​ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានទាន់ពេលវេលាដោយពុំមានលក្ខខណ្ឌស្មុកស្មាញ ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ​ មានគម្រោងកែលម្អ​ផ្លូវ​​ជនបទ ​​ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBTS និងផ្លូវបេតុងសរុបប្រវែង ៣៥ គីឡូម៉ែត្រ និង៤៦២ ម៉ែត្រ នៅខេត្តគោលដៅចំនួន ៤គឺខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម និងខេត្តកំពង់ស្ពឺ៕

No comments

Powered by Blogger.