Header Ads

ជំងឺគេង មិនដកដង្ហើមអាចប៉ះពាល់ ដល់អាយុជីវិត


ភ្នំពេញៈ

ដោយ៖ ដាណារៀប


 មានមនុស្សជាច្រើនគិតថា ការទទួលទានដំណេក គឺជារឿងងាយស្រួល ដោយជឿជាក់ថា វាអាចទទួល​បាន​​ដោយគ្រាន់តែបិទភ្នែក ក្នុងរយៈពេលប៉ុន្មានម៉ោងនោះ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាសុខភាពមិនល្អ និងការគេងមិនគ្រប់គ្រាន់ អាចជារោគសញ្ញានៃបញ្ហា សុខ​​ភាពជាច្រើន រួមមានជំងឺគេង មិនដកដង្ហើម(OSA) ដែលអាចជាប្រភេទជំងឺ​ ដ៏គ្រោះថ្នាក់មួយ ហើយ​ត្រូវបានមន្ទីរពេទ្យ FV ដែលឈានមុខគេក្នុងតំបន់​ បានរៀបចំធ្វើបទឧទ្ទេសនាមស្ដីពីជំងឺគេង មិនដក​ដង្ហើម ដើម្បីបង្កើនការយល់ដឹងពីជំងឺប្រភេទនេះ នៅសណ្ឋាគារភ្នំពេញ ពីថ្ងៃទី ១៣-១៤ មករា ឆ្នាំ២០១៨។

ដើម្បីបង្កើតការយល់ដឹងបន្ថែមលើ ជំងឺគេងមិនដកដង្ហើម ដល់ក្រុមវេជ្ជសាស្ត្រ អ្នកជំងឺ និងសាធារណជន​មន្ទីរពេទ្យ FV ដែលជាមន្ទីរពេទ្យ ​មានការទទួលស្គាល់ជាផ្លូវការ ពីអន្តរជាតិ​បានរៀបចំធ្វើបទបង្ហាញ​ដែល​មានរយៈពេល២ថ្ងៃ ដោយលើកយកប្រធានបទ ពីជំងឺគេងមិនដកដង្ហើម រោគសញ្ញា និងផល​លំបាក​នៃ​ជំងឺនេះ។


បទឧទ្ទេសនាមដំបូង បានលើកឡើងអំពីមហារីកនៅក្បាល និងក ដែលជាករណីធ្ងន់ធ្ងរគួរ​តែធ្វើរោគ​វិនិ​ច្ឆ័យ ឲ្យបានទាន់ពេលវេលា។ បទបង្ហាញត្រូវបានធ្វើឡើងដោយ លោកវេជ្ជបណ្ឌិត Nguyen Quang Dai ដែលជាប្រធានផ្នែកត្រចៀកនិងបំពង់កប្រចាំមន្ទីរពេទ្យ FV និងមានការចូលរួមស្វែងយល់ ពីសំណាក់ វេជ្ជបណ្ឌិត ផ្នែកត្រចៀកច្រមុះនិងបំពង់ក កម្ពុជា ចំនួន៥០នាក់ ដែលមកពីមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯក​ជន។

បទឧទ្ទេសនាមទី២ ដែលផ្ដោតសំខាន់លើជំងឺគេងមិនដកដង្ហើម​ ត្រូវបានទទួលឲ្យចូលរួមសំរាប់​អ្នកជំងឺ​ត្រចៀកច្រមុះ​ បំពង់ក នៃមន្ទីរពេទ្យ FV។ បទឧទ្ទេសនាមនេះត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត Nguyen Truong Khuong ដែលជាវេជ្ជបណ្ឌិតផ្នែកត្រចៀកច្រមុះ​ បំពង់ក ប្រចាំមន្ទីរពេទ្យ FV។
លោកវេជ្ជបណ្ឌិត Nguyen បានមានប្រសាសន៍ថា  «ជំងឺគេងមិនដកដង្ហើម ដែលកើតឡើងដោយសារ​សាច់​​ដុំបំពង់ក សម្រាក គឺជាជំងឺ​ដែលអាចប៉ះពាល់ដល់អាយុជីវិត​ និងទាមទារឲ្យមានការពិនិត្យតាមដាន បានត្រឹមត្រូវ»។ លោកក៏បានបន្ថែមទៀតថា ​ជំងឺនេះ ត្រូវបានកំណត់និយមន័យដោយសាលាវេជ្ជសាស្ត្រ អាមេរិកាំងផ្នែកគេង ( American Academy of Sleep Medicine) ថា​វាគឺជាការឈប់ដើរ នៃចង្វាក់​ដង្ហើម​យ៉ាងតិច១០វិនាទី ហើយការគាំងដង្ហើមនេះ អាចមានរយៈពេល៣០វិនាទី ឬយូរជាងនេះ។

ផលលំបាកបញ្ហាជំងឺគេងមិនដកដង្ហើមនេះ រួមមានបញ្ហាបេះដូង (គាំងបេះដូង),ជំងឺដាច់សរសៃ​ខួរ​ក្បាល ឬស្ត្រូក, ជំងឺលើសសម្ពាធឈាម, បញ្ហាប្រព័ន្ធចងចាំ, ការកើនឡើងនៃអាំងសូលីនរ៉េស៊ីស្ដង់ ក្នុងឈាម (ទោះមិនមែនជាអ្នកជំងឺទឹកនោមផ្អែមក៏ដោយ) និងបញ្ហាអសមត្ថភាពផ្លូវភេទ។
សញ្ញា និងរោគសញ្ញា ក្នុងការតាមដានរួមមានការស្រមុកឮៗជាប់, ថប់ដង្ហើម ឬដង្ហក់, ដេករសាប់រសល់, ងងុយដេកពេលថ្ងៃ, ឈឺក្បាលពេលព្រលឹម និងអារម្មណ៍មិនមូលនៅពេលថ្ងៃ។
លោកវេជ្ជបណ្ឌិត Nguyen បានមានប្រសាសន៍ថា «ការប្រយុទ្ធប្រឆាំងនឹងជំងឺគេងមិនដកដង្ហើម ជា​ដំ​បូង ត្រូវផ្លាស់ប្ដូររបៀបរស់នៅ និងការរក្សាសុខភាព ឲ្យបានល្អដែលជាបច្ចេកទេស មិនត្រូវការកិច្ចអន្តរា គមន៍ពីពេទ្យជំនាញ»។ លោកក៏បានបន្ថែមទៀតថា គន្លឹះសំខាន់ៗ​ក្នុងកិច្ចការពារនេះ រួមមានការសម្រក​ទម្ងន់ ជាពិសេសសម្រាប់អ្នកដែលមានសន្ទស្សន៍ម៉ាស់រាងកាយ លើសពី 30kg/mព្រោះការសម្រកទម្ងន់​បានតែ១០% អាចជួយកាត់បន្ថយបញ្ហារំខាន់ ដល់សន្ទស្សន៍ចលនាដង្ហើមរហូតដល់ ២៦%។

លោក បានបញ្ជាក់ថា វិធីការពារផ្សេងៗ រួមមានការឈប់ជក់បារី ឈប់ពិសាគ្រឿងស្រវឹង ពិសាថ្នាំ ជំនួយដំណេក និងថ្នាំរំងាប់ផ្លូវអារម្មណ៏ ព្រមទាំងចៀសវាងបញ្ហាគេងមិនឆ្អែត។ អ្នកជំងឺដែលប្រឈមនឹង បញ្ហាគេងមិនដកដង្ហើម ក៏អាចប្រើប្រាស់ឧបករណ៍ជំនួយដូចជា ឧបករណ៍ពាក់បើកខ្យល់ច្រមុះ ទឹក​សាលីន​លាងច្រមុះ ឬបន្ទះពាក់បើករន្ធច្រមុះ។

លោកវេជ្ជបណ្ឌិត Nguyen បានបញ្ជាក់ថា«ទោះជាយ៉ាងណាការព្យាបាល ដ៏មានប្រសិទ្ធភាពសម្រាប់ ជំងឺគេងមិនដកដង្ហើមធ្ងន់ធ្ងរ គឺច្រមុះបន្តសម្ពាធខ្យល់ត្រឹមត្រូវ(CPAP) ដែលបានក្លាយជាបទដ្ឋាន ថែទាំ​ដ៏សំខាន់បំផុតតាំងពីឆ្នាំ១៩៨១»។ លោក ក៏បានបន្ថែមទៀតថា ដំណាក់កាលវះកាត់ អាចត្រូវធ្វើឡើងតែ នៅ​​ពេល ដែលការព្យាបាលបែប CPAP ឬការព្យាបាលណាមួយជាមួយ CPAP មិនទទួលជោគជ័យ ប៉ុណ្ណោះ។

បទឧទ្ទេសនាមទាំងពីរនេះ មានរយៈពេលកន្លះថ្ងៃ ដោយមានទាំងវគ្គសំណួរចម្លើយ អាហារសម្រន់ និង អាហារថ្ងៃត្រង់។ កម្មវិធីត្រូវបានចាប់ផ្ដើមដោយសុន្ទរកថា បើកកម្មវិធី និងបទបង្ហាញអំពីមន្ទីរពេទ្យ FV ដោយលោក RacimeVeuk ដែលជាវេជ្ជបណ្ឌិតសម្របសម្រួល នៅកម្ពុជាសម្រាប់មន្ទីរពេទ្យ FV។

មន្ទីរពេទ្យ FV វៀតណាម ដែលត្រូវបានបើកដំណើរការក្នុងឆ្នាំ២០០៣ គឺជាមន្ទីរពេទ្យទីមួយរបស់វៀត ណាម ដែលមានការទទួលស្គាល់ជាផ្លូវការ ពីអន្តរជាតិ​ និងត្រូវបានបង្កើតឡើង​ដោយ​ក្រុមវេជ្ជ​បណ្ឌិត​បារាំងមួយក្រុម។ មន្ទីរពេទ្យដែលមានសេវាសុខភាពគ្របដណ្ដប់ ទាំងអស់មួយនេះ មានទីតាំងស្ថិតនៅ ចំកណ្ដាល ទីក្រុងហូជីមិញ បានផ្ដល់ការព្យាបាលអ្នកជំងឺ មិនសម្រាកព្យាបាលរហូតដល់ ១៧៥០ ក្នុង មួយ​ថ្ងៃ និងការព្យាបាលចម្រុះសម្រាប់អតិថិជនសម្រាកព្យាបាលចំនួន ២២០នាក់។

ជាមួយបុគ្គលិកបម្រើសេវាអតិថិជន ចំនួន៩៥០នាក់ រួមមានវេជ្ជបណ្ឌិត ១៣០នាក់​និងគិលានុបដ្ឋាក ២០០នាក់មន្ទីរពេទ្យ FV ផ្ដល់សេវាថែទាំជាង៣០ជំនាញវេជ្ជសាស្ត្រ។ មន្ទីរពេទ្យមាននាយកដ្ឋាន គ្រោះ​ថ្នាក់ និងសង្គ្រោះបន្ទាន់, មជ្ឈមណ្ឌលថែទាំមហារីក, ផ្នែកសម្ភព, មនុស្សចាស់, ផ្នែកថែទាំសុខភាពកុមារ និងទារកទើបកើត, មជ្ឈមណ្ឌលថែទាំកុមារ, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលវះកាត់ ក្នុង​ចំណោ​មផ្នែកផ្សេងៗជាច្រើនទៀតផងដែរ។ មន្ទីរពេទ្យក៏មានគ្លីនិកសម្រាប់អតិថិជន ដែលមកទទួលសេវាដោយ មិនសម្រាកនៅមន្ទីរពេទ្យគឺគ្លីនិកសាយហ្គន FV ជាមួយសមត្ថភាពផ្គត់ផ្គង់សេវា​ដល់អតិថិជន២៥០នាក់ ជាប្រចាំថ្ងៃ។

ក្នុងឆ្នាំ២០០៧ មន្ទីរពេទ្យ FV បានក្លាយជាមន្ទីរពេទ្យវៀតណាមដំបូងគេ ដែលមានការទទួលស្គាល់ជាផ្លូវ​ការដោយ  Haute Autorité de Santé ដែលជាអាជ្ញាធរទទួសស្គាល់គុណភាព ដ៏ល្បីរបស់ប្រទេស បារាំង។ មន្ទីរពេទ្យនេះ ក៏ត្រូវបានទទួសស្គាល់ជាផ្លូវការពី JCI (Joint Commission International) ដែលអង្គការឯករាជ្យ មិនរកកម្រៃ ដែលត្រូវបានគេស្គាល់ថា ជាអ្នកផ្ដល់សេវាសុខភាពស្ដង់ដារខ្ពស់បំផុត របស់ពិភពលោក។ មន្ទីរពេទ្យ FV មានការិយាល័យតំណាង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ុណ្ណា​នៅលើមហាវិថីព្រះនរោត្តម។ សម្រាប់ព័ត៌មានបន្ថែមអំពីមន្ទីរពេទ្យ FV សូមចូលទៅ www.fvhospital.com

No comments

Powered by Blogger.