ព្រឹត្តិការណ៍កីឡា (ថ្មើរជើងប្រវត្តិសាស្ត្រលើកទី១) នៅស្រុកអន្លង់វែង រៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិក
ខេត្តឧត្តរមានជ័យៈ
ដោយ៖ សេង ស៊ីដារ៉ូ
ព្រឹត្តិការណ៍នេះ ចាប់ផ្តើមពីម៉ោង៦ព្រឹក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដោយក្នុងនោះមានទាំងអ្នកកីឡាករ មានទាំងមហាជន ដោយរំពឹងថា អាចឡើងដោយថ្មើរជើងទៅលើពើយតាម៉ុកបានច្រើន ដោយមូលហេតុភ្ញៀវទាំងអស់អាចមានមធ្យោបាយផ្ទាល់ខ្លួន ឡើងទៅដល់លើភ្នំតែម្តង។
លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ការផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍កីឡាថ្មើរជើង ប្រវត្តិសាស្ត្រលើកទី១ នៅស្រុកអន្លង់វែងសំដៅអប់អរសាទរថ្ងៃមហាជ័យជំនះ៧មករា ២០១៩ និងអប់អរសាទរ ដល់គោលនយោបាយឈ្នះៗរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ វណ្ណា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្មើជើងប្រវត្តិសាស្ត្រនេះ ចែកចេញជា២ដំណាក់កាល គឺទី១ មានការចូលរួមពីក្រុមកីឡាមហាជនភ្ញៀវជាតិ និងភ្ញៀវបរទេស អង្គទូត ក៏មានចូលរួមដែរ ដោយធ្វើដំណើរចេញពីអតីតផ្ទះតាម៉ុក កាត់រង្វង់មូល ហើយវិលមកកន្លែងដើមវិញ ដែលមានចម្ងាយ៣គីឡូម៉ែត្រ ដោយរំពឹងទុកថា នឹងមានភ្ញៀវចូលរួមដោយថ្មើជើងប្រមាណជាង ១០០០នាក់។ នៅក្នុងដំណាក់កាលទី២ ក្រុមកីឡាករ អង្គទូត រួមនឹងសិស្សានុសិស្សមកពីវិទ្យាល័យ ក្នុងស្រុកអន្លង់វែង និងធ្វើដំណើរចញពីច្រកជាំ ឡើងទៅកាន់ពើយតាម៉ុក ដែលមានចម្ងាយផ្លូវ ១៤គីឡូម៉ែត្រ។
ការធ្វើសមាហរណកម្មរបស់អងន្លង់វែង មានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មី របស់ប្រជាជនកម្ពុជា នៅក្នុងតំបន់ ដែលតស៊ូរជម្នះទៅនឹងសង្គ្រាម និងផលវិបាកទាំងឡាយ ដោយរាប់បញ្ចូលទាំងជម្ងឺ ពិការភាព ភាពក្រីក្រ និងការបាត់បង់ជីវិត។
ការធ្វើសមាហរណកម្មរបស់តំបន់នេះ ក៏មានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មី សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរនៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ។ សព្វថ្ងៃនេះអន្លង់វែងបង្កប់នូវភាពអាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិយ៉ាងស្រស់ត្រកាល ដែលប្រទេសរបស់យើងមាន ប៉ុន្តែមានហានិភ័យខ្លះ ដែលមានក្រុមខិលខូចតែងតែបំផ្លាញសម្បត្តិធម្មជាតិទាំងនេះ៕
Post a Comment