ឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរណ៍កូរ៉េចំនួនជាង ១លាននាក់
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
អង្គការទេសចរណ៍ពិភពលោកប៉ាន់ប្រមាណថា ប្រទេសកូរ៉េនឹងមានទេសចរណ៍ចេញក្រៅប្រទេសជាង២០លាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៤ ទេសចរកូរ៉េក្រៅប្រទេសចំនួន ១៣,៩លាននាក់ និងមាន៤,៨៧លាននាក់ (២០១៣) ធ្វើដំណើរមកតំបន់អាស៊ាន ហើយក្នុងនោះទេសចរកូរ៉េ នៅកម្ពុជាមានចំនួន ៤២ម៉ឺននាក់ ធ្លាក់ចុះ ២,៤% ធៀបនឹងឆ្នាំ២០១៣ ឈរក្នុងលំដាប់ថ្នាក់ទី៤ ក្នុងទីផ្សារសំខាន់ៗទាំង១០ របស់ប្រទេសកម្ពុជាស្មើនឹង៩,៤% នៃចំនួនទេសចរណ៍សរុប។
ក្នុងគោលដៅទស្សនារបស់ពួកគេ ចូលចិត្តស្វែងរកទិញវត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃម្ពស់ ចូលចិត្តដើរកម្សាន្តនៅពេលរាត្រី ទស្សនាផ្សាររាត្រី (Night Market & Pub Streets)ព្រមទាំងចូលចិត្តកម្សាន្តជាមួយព្រឹត្តិការណ៍កីឡាល្បីៗ និងកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ក្នុងតំបន់ និងពិភពលោក ។
ព្រះរាជាណាចក្រកម្ពុជា មានការតភ្ជាប់យ៉ាងល្អតាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរ ជាតិកូរ៉េ Korean Airs និង ASIAN Airlines។
ប្រទេសកូរ៉េបច្ចុប្បន្ន ជាស្នូលក្នុងការតភ្ជាប់ការធ្វើដំណើររបស់ទេសចរណ៍ប្រទេសទី៣ មកកាន់គោលដៅទេសចរណ៍កម្ពុជា ផងដែរ ។
ស្ថិតិទេសចរកូរ៉េបច្ចុប្បន្ន មានចំនួនតិចនៅឡើយ បើប្រៀងធៀបនឹងអត្រាទេសចរកូរ៉េ ចេញក្រៅប្រទេស និងមកទស្សនាតំបន់អាស៊ាន។ កម្ពុជានៅមានឧបសគ្គក្នុងការទាក់ទាញទេសចរកូរ៉េ ពិសេស នៅតំបន់ឆ្នេរនិងតំបន់អេកូធម្មជាតិ ខ្វះនូវផលិតផលទាក់ទាញជាច្រើនដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្តរាត្រី ហាងលក់វត្ថុអនុស្សាវរីយ៍ និងរមណីយដ្ឋានទេសចរណ៍ មួយចំនួនមិនទាន់រៀបចំឲ្យមានភាពរស់រវើក និងទាក់ទាញ សមត្ថភាពមគ្គុទ្ទេស នៃការនិយាយភាសាកូរ៉េ នៅមានកម្រិត ដែលជារួម ផលិតផល និងសេវាកម្ម ទេសចរណ៍កម្ពុជា នៅមិនទាន់ផ្គត់ផ្គង់បានដល់តម្រូវការ នៃចំណែកទីផ្សារប្រណិតៗនៅឡើយ។
នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៥ ទេសចរកូរ៉េថយចុះ ៤.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ហើយបញ្ហានៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីការរីករាលដាលនៃបញ្ហាជំងឺ Middle East respiratory syndrome (MERS) វិបត្តនយោបាយផ្ទៃក្នុងរដ្ឋាភិបាលកូរ៉េដែលបានធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍ទាំងមូល ដូចជា នៅដើមឆ្នាំ២០១៥នេះ ការធ្លាក់ចុះ Inbound Tours ដល់ទៅ ៦០% និង Outbound Tours ធ្លាក់ចុះ ៤០% ព្រមទាំងទេសចរណ៍ក្នុងស្រុកធ្លាក់ចុះ៣០%។ និន្នាការធ្វើដំណើរទេសចរណ៍ របស់ប្រទេសកូរ៉េ ងាកទៅរកបណ្តាប្រទេស ដែលមិនយកទិដ្ឋាការចូល សម្រាប់រយៈពេល១៥ថ្ងៃ នៃការទស្សនា ដូចជាប្រទេសថៃ ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាមជាដើម។
ទេសចរណ៍កូរ៉េ នៅតែបន្តចូលមកទស្សនាកម្ពុជា ដែលជាគោលដៅទេសចរណ៍លំដាប់ទី៣ក្នុងតំបន់ បន្ទាប់ពីថៃ ពិសេសកម្ពុជា មានការតភ្ជាប់ជើងហោះហើរ ផ្លូវអាកាសចំនួន៧ជើងក្នុង១ថ្ងៃ គឺខេត្តសៀមរាបចំនួន ៥ជើង (Korean Air 2ជើង Asiana Ari 1ជើង Skywing1ជើង និង Busan Air 1ជើង) និងភ្នំពេញចំនួន ២ជើង (Korean Air 1ជើង និង Asiana Air1ជើង)។ ទោះបីជាទេសចរណ៍កូរ៉េមកកម្ពុជាមានការធ្លាក់ចុះក្នុងរយៈពេលបច្ចុប្បន្នក្តី ក៏កូរ៉េនៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់កម្ពុជា។ នៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរណ៍កូរ៉េចំនួនជាង ១លាននាក់៕
Post a Comment