ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ សូភី រកឃើញដោយសារការជីកដីធ្វើបង្គន់អនាម័យ របស់ភូមិ
ខេត្តបន្ទាយមានជ័យៈ
ដោយ៖ សេង ស៊ីដារ៉ូ
Add caption |
ស្ថាននីយ៍បុរេប្រវត្តិសូភី គឺស្ថិតនៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចម្ងាយប្រហែល២០គីឡូម៉ែត្រ ប៉ែកខាងលិចក្នុងទឹកដីសេរីសោភណ្ឌ។
ស្ថានីយនេះ រកឃើញដោយចៃដន្យក្នុងខែឧសភា ឆ្នាំ២០០៧ ពេលអ្នកស្រុកជីកដីក្នុងភូមិ ដើម្បីសាងសង់បង្គន់អនាម័យ ដែលឧត្តម្ភដោយអង្គការអភិវឌ្ឍន៍កសិករខ្មែរ។
ពេលជីកដីសាងសង់ ក៏បានប្រទះឃើញឆ្អឹងខ្មោច និងឆ្អឹងសត្វនៅលាយលំជាមួយបំណែកភាជន៍ ដែក អលង្ការធ្វើពីសំរឹទ្ធិ អាវុធ អង្កាំជាដើ។
ដោយមានការជ្រុញបន្ថែម ពីឈ្មួញរកស៊ីទិញលក់វត្ថុបុរាណ អ្នកស្រុកបាននាំគ្នាជីកគាស់រកវត្ថុ មានតម្លៃស្ទើរពេញភូមិ។ ព័ត៌មាននេះ បានលឺដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របពេលនឹងស្ថានីយកំពុងរងការបំផ្លាញយ៉ាងដំណំ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ច បានចុះទប់ស្កាត់មិនឲ្យមានការលួចជីកបន្តទៅទៀត ហេតុដូច្នេះ សកម្មភាពលួចជីកក៏បានស្ងប់ស្ងាត់មួយរយៈ។ មិនបានប៉ុន្មាន សកម្មភាពលួចជីកក៏បានចាប់ផ្តើមឡើងវិញហើយកាន់តែខ្លាំងជាងមុនទៅទៀត ដោយពុំខ្លាចក្រែង ទោះបីសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ និងអប់រំពន្យល់ណែនាំយ៉ាងណាក៏ដោយ ក៏អ្នកភូមិនៅតែគាស់បំផ្លាញ ចំណែកឆ្អឹងមនុស្សឆ្អឹងសត្វ និងបំណែកភាជន៍ ត្រូវពួកគេទុកចោលពាសពេញលើដី។ ហេតុដូចនេះហើយ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រមូលវត្ថុទាំងអស់នោះមករក្សាទុកក្នុងវត្តសូភី។
ភូមិសូភី ជាទីបញ្ចុះសពបុរាណមួយ ដ៏ធំក្នុងតំបន់នោះ។ ដើម្បីប្រមូលវត្ថុនៅសេសសល់ ទាក់ទងនឹងទំនៀមទំលាប់នៃបញ្ចុះសពបុរាណកាលមក ពួកគេធ្វើសិក្សាវិភាគ និងចងក្រងឯកសារបោះពុម្ពផ្សាយទុកជាប្រយោជន៍ ដល់សង្គមនោះ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន សហការជាមួយសាកលវិទ្យាល័យ នៃប្រទេសអូស្ត្រាលី ធ្វើកំណាយសង្គ្រោះបន្ទាន់ចំនួនពីរ គឺលើក៖ លើកទី១ធ្វើនៅឆ្នាំ២០០៩ ដោយជីកក្បែរព្រះវិហារ ក្នុងបរិវេណវត្តមានទំហំរណ្តៅ ៣ x ៥ ម៉ែត្រ និងលើកទី២ធ្វើនៅឆ្នាំ ២០១០ ដោយជីកក្នុងភូមិមុខផ្ទះអ្នកស្រុក មានទំហំរណ្តៅ ៥ x៥ម៉ែត្រ។ កំណាយទាំងពីរលើកនេះ គេរកឃើញផ្នូរសពចំនួន ១៤ ដែលផ្នូខ្លះមានគ្រោងឆ្អឹងពេញលេញ និងកូនក្មេង រួមជាមួយវត្ថុផ្សេងៗ ដូចជា ឆ្អឹងសត្វ អង្កាំ បំណែកអលង្ការសំរឹទ្ធិ ចង្ក្រង ខ្នារអំបោះ វត្ថុធ្វើពីដែក ជាដើម។
យោងលើការសិក្សាប្រៀបធៀប សមុច្ច័យប្រមូលបានពីកំណាយនៅភូមិសូភី និងភូមិស្នាយ បានបង្ហាញថា មនុស្សប្រហែលមកតាំងទីលំនៅ ក្នុងពេលប្រហាក់ប្រហែលគ្នា។ លទ្ធផលវិភាគវិទ្យុសកម្មកាបូន១៤ និងធ្យូងដែលប្រមូលបាន ពីស្រទាប់ដី បញ្ជាក់ឲ្យឃើញថា មានមនុស្សរស់នៅប្រហែល ១២៥-៥៦២ឆ្នាំ នៃគ្រឹស្តសករាជ។ កំណាយស្រាវជ្រាវនៅភូមិសូភី និងបន្តធ្វើដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ ពីរចនាសម្ព័ន្ធនៃការបញ្ចុះសព គ្រឿងសំណែន កត្តាសង្គម សេដ្ឋកិច្ចរបស់មនុស្ស សិប្បកម្ម របបអាហារ ការបំលាស់ទី ព្រមទាំងការវិវឌ្ឍវប្បធម៌ របស់មនុស្ស៕
Post a Comment