ស្វែងយល់ពីការប្រើប៉ឹង នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ
ដោយ៖ សេង ស៊ីដារ៉ូ
តាមរយៈភស្តុតាងរូបភាព និងឯកសារជាច្រើននាពេលថ្មីៗនេះទៀត បានបញ្ជាក់ឲ្យដឹងថា ប្រពៃណីស្លៀកប៉ឹងរបស់ជនជាតិខ្មែរ ត្រូវបានសំអាងលើគំនូរពណ៌នា កាលពីសម័យលោហៈធាតុ ដែលគេបានរកឃើញ នៅក្នុងខេត្តនគររាជសីមា នៃប្រទេសថៃសព្វថ្ងៃនេះ រួមទាំងចម្លាក់ធ្វើអំពីសំរឹទ្ធ នៅក្នុងប្រទេសខ្មែរយើងផងដែរ។
ភស្តុតាងខាងបុរាណវត្ថុវិទ្យាទាំងងស់នេះ ត្រូវបានចាត់ទុកថា ជាសមិទ្ធិផលសង្គមខ្មែរបុរាណ នៃការស្លៀកប៉ឹងរបស់ជនជាតិខ្មែរយើង មានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ។ ឯកសារនិងភស្តុតាង ចំពោះការស្លៀកប៉ឹងនេះ គេក៏បានយកចម្លាក់ សំរឹទ្ធតូចៗ ចំនួន ៣ ដែលលោក ដាំ ឈឿន បានឃើញនៅព្រីងទុំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ១៩៦៩ មកធ្វើការសិក្សាបន្ថែមទៀត។
ឯកសាររូបភាព នាសម័យអាណានិគមបារាំង បានឲ្យដឹងថា សូម្បីប្រជាជនក្រីក្រអំឡុងស.វទី១៩ និងដើមស.វទី២០ ក៏ពួកគេនៅតែបន្តស្លៀកប៉ឹង ដូចជាសម័យរាប់ពាន់ឆ្នាំកន្លងមកហើយដែរ។
តាមឯកសារស្រាវជ្រាវ បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា មានតែជនជាតិខ្មែរយើងទេ ដែលមានភាពចំណាស់ជាងគេក្នុងការស្លៀកពាក់ប៉ឹងនេះ រីឯជនជាតិវៀតណាម ដែលជាប្រទេសមានភូមិសាស្ត្រជាប់ជាមួយប្រទេសខ្មែរយើង ក៏គេមិនចេះស្លៀកប៉ឹងដូចកុលសម្ព័ន្ធខ្មែរលើ និងជនជាតិខ្មែរយើងឡើយ។
យើងអាចនិយាយបន្ថែមទៀតថា ក្រៅពីឯកសារ និងភស្តុតាងរូបចម្លាក់ស្លៀកប៉ឹង រួមទាំងប្រពៃណីស្លៀកប៉ឹង ជនជាតិខ្មែរ ដែលមានជារបាំរបស់ជនជាតិស្លៀកប៉ឹងនេះ គឺជាក់ស្តែងជនជាតិខ្មែរដើមភាគតិច នៅក្នុងភូមិភាគឥសាន្ត ក៏នៅតែមានស្លៀកប៉ឹង រហូតមកដល់បច្ចុប្បន្ននេះ នៅឡើយដែរ៕
Post a Comment