សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវ ជាតិលេខ២១ ចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារ អាមេរិក
ខេត្តកណ្តាលៈ
ដោយៈ ហុង ចំណាប់
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសួងសាធារណការ និងដឹកជញ្ជូនបាន ឱ្យដឹងថា ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co, Ltd ) និង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co, Ltd) បានចំណាយថវិកាសាងសង់សរុប ជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ឯកឧត្តម Park Heung-Kyeong អគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍អបអរសាទរចំពោះ សមិទ្ធផលផ្លូវជាតិលេខ២១ នាពេលនេះ ដែលកើតចេញពីចំណងមិត្តភាពកម្ពុជា-កូរ៉េ។
ឯកឧត្តមបានលើកឡើងទៀតថាតាមរយៈផ្លូវនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ការដឹកទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មព្រមទាំង បានជម្រុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១នាពេលនេះ។ សម្តេច តេជោបានមានប្រសាសន៍ថា សម្តេចនៅចងចាំពីស្ថានភាពដ៏លំបាក នៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយសម្តេចក៏កង្វល់ពីការបាក់ ច្រាំងនៅតាមបណ្តោយទន្លេនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយ ក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើឱ្យប្រសើរឡើង នូវផ្លូវជាតិលេខ២១នេះ។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពីអំឡុងខែមីនា ឆ្នាំ២០២១មកម៉្លេះ ក៏ប៉ុន្តែដោយសារ រាតត្បាតនៃជំងឺកូវីដ១៩ ទើបត្រូវពន្យាររហូតមកដល់ពេលនេះ ទើប សម្ពោធ។ ចំពោះផ្លូវជាតិលេខ២១នេះ ជាផ្លូវដែលបានបម្រើយ៉ាង សំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង។
សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួច ហើយ។ សម្តេចតេជោ បានបង្ហាញដល់ ប្រធានាធិបតីកូរ៉េខាងត្បូង នាពេលបច្ចុប្បន្នដែលទើបជាប់ឆ្នោតថ្មីនឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ ស្ពានតភ្ជាប់ ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនេះ បានសម្រេចសាងសង់ស្ពាន២ កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វាទៅតំបន់អរិយក្សត្រ តែម្តង។
https://kronglungvek.com.kh

Post a Comment