Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានភាពផ្លូវខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកជ័យសែន

 ខេត្តព្រះវិហារៈ

ដោយ៖ ឌឹម គឹមហាក់


 រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ  ​លោក អ៊ុន ចាន់ដា អភិបាល​នៃ​គណ​អភិបាល ខេត្តព្រះវិហារ និងមន្រ្ដីបច្ចេកទេសជាច្រើនរូបទៀត  បានអញ្ជើញទៅពិនិត្យស្ថានភាព​ផ្លូវក្រាល​ក្រួសក្រហម ១ខ្សែ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នៅថ្ងៃទី២៩  ខែសីហា ឆ្នាំ២០១៨ ​។

លោក អ៊ុក រ៉ាប៊ុន​ មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់​បង្កឲ្យ​មាន​ទឹកជំនន់លិចដំណាំស្រូវ និងដំណាំផ្សេងៗក្នុងភូមិ ឃុំ ស្រុក មួយចំនួន​នៃខេត្តព្រះវិហារ​បានបណ្ដាលឲ្យខូចខាតនូវហេដ្ឋារ​ចនា​សម្ព័ន្ធ មួយចំនួន រួមមានផ្លូវ ស្ពាន និងសំណង់សិល្បកាផ្សេងៗទៀត ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។


លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានសម្ដែង​នូវ​ការរីករាយ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចធ្វើការជួសជុលផ្លូវមួយខ្សែនេះ ឡើងវិញ ដើម្បីឲ្យពួកគាត់អាចបន្ត​ធ្វើ​ដំណើរឆ្លងកាត់តំបន់នេះបានងាយស្រួល។

លោក សេង សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ  បានឲ្យដឹងថា​ ដោយសារតែជំនន់ទឹកភ្លៀង ​ក្នុងរយៈពេល​កន្លង​​ទៅថ្មីៗនេះ ទើបឲ្យបណ្ដាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន សំណង់សិល្បកាមួយចំនួន នៅក្នុងស្រុកនានា នៃ​​ខេត្ត​ព្រះវិហារ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលរងការលិចលង់ និងខូចជាច្រើនខ្សែ​។ ជាក់ស្ដែង​ផ្លូវ​ក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៣៤គីឡូម៉ែត្រ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិស្អាង ឃុំស្អាង ទៅដល់ភូមិស្រែវាល ឃុំធ្មារ ក្នុង​ភូមិ​សាស្រ្ដ​ស្រុកជ័យសែន ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានទឹកហូរកាត់ផ្ដាច់ និងខូចតាមជើងទេរ​អស់ប្រវែងជាង ៣គីឡូម៉ែត្រ និងហូរកាត់ផ្ដាច់តួរផ្លូវ មិនអាចធ្វើចរាចរណ៍បា ប្រវែងជាង ៦គីឡូម៉ែត្រ។

ដោយឡែកផ្លូវ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលរងផលប៉ះពាល់នៅតាមបណ្ដាខេត្តមួយចំនួនទៀត  ក្រសួង​​អភិវឌ្ឍន៍ជនបទ នឹងចាត់បញ្ជូនក្រុមការងារបច្ចេកទេសចុះធ្វើការសិក្សា ស្រង់ទិន្នន័យពីទំហំនៃការខូចខាត និង​ដើម្បីងាយស្រួលដល់ការលើកគម្រោងជួសជុល និងកែលម្អឡើងវិញផងដែរ។ ទាក់ទិនទៅនឹងផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៣៤គីឡូម៉ែត្រ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិស្អាង ឃុំស្អាង ទៅដល់ភូមិស្រែវាល ឃុំធ្មារ ក្នុងភូមិសាស្រ្ដស្រុកជ័យសែន​ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការជួសជុលឡើងវិញ ដោយដាក់បញ្ចូលទៅក្នុងគម្រោងសង្គ្រោះបន្ទាន់ ​របស់ក្រសួង​អភិ​វឌ្ឍន៍ជនបទ និងធ្វើការជួសជុលនៅពេលឆាប់ៗខាងមុខនេះ៕

No comments

Powered by Blogger.