Header Ads

ក្រសួងអភិវឌ្ឍន៍ជនបទ បានសហប្រតិបត្តិជាមួយអង្គការដៃគូរ ប្រារព្ធ​ទិវា​អន្តរជាតិ ​ជនជាតិដើម​ភាគ​តិច​ពិភពលោក​លើក​ទី២៤ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពស្មើគ្នា

 ខេត្តព្រះវិហារៈ

ដោយ៖ ហុង ចំណាប់


​​ក្រសួងអភិវឌ្ឍន៍ជនបទ ​បានសហប្រតិបត្តិជាមួយអង្គការដៃគូរ តែងតែប្រារព្ធទិវា​អន្តរជាតិ​ នៃជនជាតិ​ដើម​​​​ភាគតិច​​​ពិភព​​លោក ​​ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់សិទ្ធិសេរីភាព​ របស់ជនជាតិ​ដើមភាគតិច​ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨​នៅបរិវេណមណ្ឌល​កីឡា​ខេត្តព្រះវិហារ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួង​អភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណអធិបតីប្រារព្ធទិវា​អន្តរជាតិ ​ជន​ជាតិ​ដើម​ភាគតិច​ពិភពលោកលើកទី២៤។

​ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ បានចូលរួមមតិស្វាគមន៍ជាមួយបង​ប្អួន​ជនជាតិដើរភាគតិចរួចមក  លោក យឹម ជុង ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិភាគតិច​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍ថា ជនជាតិដើមភាគតិច នៅលើពិភពលោកមាន ៣៧០ លាននាក់រស់នៅ ៩០ប្រទេស។ ផ្ដើមចេញពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ១៩៩៣ ​បានប្រកាស​ជា​ផ្លូវការ​សម្រេច​ឲ្យ​មាន​ទិវា​អន្ដរជាតិ ​ជនជាតិដើម​ភាគតិច​ពិភព​លោក​​នៅ​ថ្ងៃទី០៩ ខែសីហា ជា​រៀងរាល់ឆ្នាំ មានគោលបំណងសំខាន់ៗ ៥ គឺទី១-​លុបបំបាត់​ការរើសអើង បង្កើន​ឲ្យ​មានការ​ចូលរួម​របស់​ជនជាតិដើម​ភាគតិច ​ក្នុង​ការធ្វើ​ផែនអនុវត្ត និងវាយតម្លៃ​ដំណើរការអភិវឌ្ឍន៍ជាតិ ​និង​អន្ដរជាតិ ទី២-ជម្រុញឲ្យមានការចូលរួមពេញលេញ​ពីសំណាក់ជនជាតិ​ដើម​​ភាគតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ទី៣-កំណត់គោលនយោបាយអភិវឌ្ឍន៍​ សម្រាប់ជន​ជាតិ​ដើម​​ភាគតិច​ស្របតាម​វប្បធម៌ ប្រពៃណី ជំនឿ និងភាសា ទី៤-ស្វះស្វែងរកជំនួយ ដើម្បីអភិវឌ្ឍន៍​ជន​ជាតិ​ដើមភាគតិច ជាពិសេសស្រ្ដី និងកុមារ និងទី៥-​លើកកម្ពស់ការអនុវត្ត​ក្របខណ្ឌ​ច្បាប់​។

ជនជាតិដើម​ភាគតិច​នៅ​កម្ពុ​ជា មាន​ប្រមាណ​ជាង ១% នៃ​ប្រជាជន​សរុប ដែល​ភាគច្រើន​រស់នៅ​តាម​ខេត្ត​​​ភាគ​ឥសាន​នៃ​ប្រទេស និងប្រើប្រាស់ដីធ្លីជាលក្ខណសមូហភាព ជនជាតិទាំងនោះមានដូចជា៖ ព្នង កួយ ទំ​ពូន ចា​រាយ គ្រឹ​ង ព្រៅ កា​វែ​ត ស្ទៀង ក្រោល មិ​ល កាចក់ សួយ ព័រ ខោ​ញ ជង ស្អូច ដែល​មាន​​ប្រមាណ​ជា ២៤ក្រុម ប្រើ​ភាសា​និយាយខុសៗគ្នា និង​គ្មាន​គំនូស​អក្សរ​ទេ។ ពួកគាត់រស់នៅ​ជា​ក្រុម​ មានមុខរបរធ្វើស្រែចំការ ចូលព្រៃដើម្បីរកអនុផលព្រៃឈើជាដើម។

ក្នុងឱកាសនោះដែរ ក៏មានចំណាប់អារម្មណ៍របស់តំណាងជនជាតិដើមភាគតិច អង្គការមិនមែនរដ្ឋា​ភិ​បាល និងតំណាងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទ បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូន​ចំពោះប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ ក៏ដូចជា​បងប្អូន​ជនជាតិដើម​ភាគតិច​ នៅទូទាំងព្រះ​រាជា​ណាចក្រកម្ពុជា  ដោយបានបញ្ជាក់ពីការការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះជនជាតិ​ដើម​ភាគតិចចាប់តាំងពី​ទសវត្ស​ឆ្នាំ៨០ និង ៩០មក។ លោករដ្ឋមន្ត្រី បាន​បញ្ចា​ក់ទៀត​​ថា ឆ្នាំ១៩៩៣ រាជ រដ្ឋា​​ភិ​​បាល​បាន​បង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង​មួយ ដែលមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ជា​ប្រធាន​សម្រាប់​​​​សហការ​ជាមួយ​អង្គការសហប្រជាជាតិ រៀបចំ​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​លើកស្ទួយ​កម្ពស់​ជីវភាព​រស់នៅ របស់​បងប្អូន​ជនជាតិដើម​ភាគតិច និង​រួមចំណែក​អភិរក្ស វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​​ល្អ និង​ជំនឿផ្សេងៗ។

ហើយរាជរដ្ឋាភិបាល ក៏បានដាក់​ចេញ​នូវ គោលនយោបាយ​អភិវឌ្ឍ​ន៍ជនជាតិដើមភាគតិច​ លើ​គ្រប់​វិស័យ​ជាអាទិ៍ ដូចជា វិស័យ​វប្បធម៌ អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និង​វិស័យ​រ៉ែ និង​ថាមពល និងកំពុង​អនុវត្ត​យ៉ាង​សកម្ម។​

លោករដ្ឋមន្រ្ដី បានបន្តទៀតថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានស្រាវជ្រាវកំណត់អត្តសញ្ញាណ​សហគមន៍ជនជាតិដើមភាគតិច សម្រាប់បង្កើតសហគមន៍ជានីតិបុគ្គល និងចេញលិខិតទទួលស្គាល់ អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច បានចំនួន ១៤១ សហគមន៍ នៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ស្ពឺ បាត់ដំបង កំពង់ធំ និងខេត្តពោធិសាត់។

ខណៈនោះក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់សហគមន៍ជនជាតិភាគតិច ជានីតិបុគ្គលបាន ១២៥សហគមន៍ និង ២៤សហគមន៍ បានទទួលប្លង់កម្មសិទ្ធិដីសមូហភាព ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាមួយគ្នានេះក្រសួងអភិវឌ្ឍន៍ជនបទ ​បានកសាងហេដ្ឋារចនាសម្ព័ន្ធ ​ផ្លូវថ្នល់ ស្ពាន អនុវត្តកម្មវិធីផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ កម្មវិធីថែទាំ​សុខភាព និង​ការផ្តល់​ឥណទាន​ជាដើម ដើម្បីរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងគោលដៅសំខាន់២ សម្រាប់ជន​ជាតិភាគតិចនៅកម្ពុជា គឺ“កាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងភាពអត់ឈ្លាន និងទី២ សម្រេចឲ្យបានជាទូ​ទៅ​​នូវការអប់រំមូលដ្ឋាន”។ បន្ទាប់មកគណៈអធិបតី បានចែកវត្ថុអនុស្សាវរីយ៍ ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេចតេ​នាយករដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​សមាជិក សមាជិកា​ចូលរួម​ចំនួន​ជាង ១០០០នាក់ ដោយម្នាក់ៗទទួលបាន​ក្រមា ០១ ព្រមទាំងបានអញ្ជើញពិនិត្យ​ពិពណ៌សមិទ្ធផល​របស់បងប្អូនជនជាតិដើមភាគតិចទៀតផង៕




No comments

Powered by Blogger.