Header Ads

ស្វែងយល់ៈ ពីប្រភពនៃល្បែងវាយកូនគោល ដែលប្រទេសខ្មែរ មានការទាក់ទងជាមួយចិន យ៉ាងស្អិតរមួត នាសម័យ លោក ជីវតាក្វាន់

ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ល្បែងវាយកូនគោល ជាប្រពៃណីដ៏យូរលង់ណាស់មកហើយ តាំងពីបុព្វបុរសដើមមកម្លេះ ហើយនៅលានជល់ដំរី​សៀមរាប​ខឿនលានជល់ដំរី ជ្រុងខាងជើងនៃរាជធានីអង្គរធំ នៅលើជញ្ជាំង ដែលជាស្នាព្រះហស្ថរបស់ព្រះបាទ​ជ័យវរ្ម័នទី៧ នាចុងស.វទី១២ ដើមទី១៣ គេឃើញមានចម្លាក់បង្ហាញអំពីល្បែងវាយកូនគោល ដែលគេឲ្យឈ្មោះ​ថា ប៉ូទ្លូ។ ដើម្បីលេងល្បែងនេះ គេត្រូវជិះសេះ ហើយដៃម្ចាងកាន់ដំបង ខិតខំវាយធ្វើយ៉ាងណាឲ្យកូនគោលនេះ ដល់ទីម្ខាងទៀតរបស់ក្រុមបដិបក្សជាដៃគូ។

តើល្បែងនេះ មានលក្ខណៈស្រដៀងទៅនឹងល្បែងមួយប្រភេទរបស់ខ្មែរសព្វថ្ងៃនេះ គឺវាយប្រដំ (អ៊ឹម សុខរិទ្ធិ វាយ​​កូន​គោល កម្រងអត្ថបទក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ លេខ២ ធ្នូ ២០០៦ ធ្នូ ២០០៧) មានប្រភព​ចេញ​ពីណា?


បើយើងពិនិត្យទៅលើទិដ្ឋភាពរួម នៃល្បែងខាងលើនេះ ដែលឆ្លាក់នៅលើជញ្ជាំងថ្ម យើងកត់សម្គាល់ថា ផ្ទាំង​ចម្លាក់​មានទំហំធំគួរឲ្យចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត អ្នកលេងសុទ្ធសឹងតែជាពួកអភិជន ដែលមានឆ័ត្ររួត ដែលជាសញ្ញាបង្ហាញនូវឋានន្តរស័ក្តិរបស់ពួកគេ នាជំនាន់នោះ។ ត្បិតពុំមានឯកសារណាបង្ហាញ​អំពីប្រភពនៃ​ល្បែង​​នេះក្តី តែមានហេតុផលជាច្រើន ដែលចង្អុលបង្ហាញថា ល្បែងនេះ មានប្រភពចេញពីចិនមក ជាពិសេស​ពួកម៉ុង្គគោល។ ព្រោះថា ជាការធម្មតាទេ ដែលនាសម័យវប្បធម៌បាយ័ន ក៏ដូចជាសម័យវប្បធម៌អង្គរជនជាតិ ខ្មែរ​យើង តែងតែមានភាពជិតស្និតគ្រប់វិស័យជាមួយចិន។ ដូច្នេះហើយ ការដែលខ្មែរកម្ចីល្បែងនេះពីចិន មិនមែន​​ជារឿងពិបាកយល់ឡើយ។ ម្យ៉ាងវិញទៀត កុំភ្លេចថា បរិស្ថានសង្គមរវាងខ្មែរ និងចិន មានភាពស្និទ្ធរមួត​ក្រៃលែងគ្រប់វិស័យ។​

ប្រពៃណីវាយកូនគោល ដោយប្រើសេះនេះ គឺជាល្បែងមួយមានប្រិយ៍ភាពបំផុតសម្រាប់ជនជាតិបង្គោល នា សម័យ​បុរាណកាលម៉្លេះ។ នេះមានន័យថា ជាល្បែងប្រចាំត្រកូលរបស់ពួកគេ ក្នុងឋានៈជាអ្នកចម្បាំង ដ៏អង់អាច ក្លាហានដែលប្រើសេះយ៉ាងស្ទាត់ជំនាញ។ ម្យ៉ាងទៀតកុំភ្លេចថា លោកអគ្គរាជទូតចិន គឺលោក ជីវតាក្វាន់ ដែល​បាន​​អញ្ជើញមកបំពេញបេសកកម្ម នៅអង្គរធំ នៅឆ្នាំ១២៩៦ ក៏ជាជនជាតិម៉ុងហ្គោលដែល ក្នុងរជ្ជកាលដែល បានគ្រប់គ្រងប្រទេសចិន។

ជាការពិតណាស់ បើយើងមើលភស្តុតាងប្រវត្តិសាស្ត្រ មួយចំនួនមកពិចារណា និងវិភាគវែកញែក យើងក៏អាច​អះ​​អាងបានថា ល្បែងវាយកូនគោល នៅទីក្រុងអង្គរធំ គឺមានប្រភពមកពីចិន ពោលគឺ ពុំមែនជាល្បែងបង្កើត​ឡើងដោយជនជាតិខ្មែរនោះទេ។ ដូចនេះ ចំពោះសំនួរដែលបានចោទសួរថា តើល្បែងខាងលើនេះជារបស់ខ្មែរ ឬចិន ដូចលោក ហ្រ្គោលលីយេ យើងជឿថា ល្បែងនេះពិតប្រាកដណាស់មកពីប្រទេសចិន រជ្ជកាលម៉ុងហ្គោល ។ ខាងលើនេះ គឺជាឧហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ដែលបង្ហាញឲ្យឃើញ នូវឥទ្ធិពលនៃវប្បធម៌ ចិន លើមជ្ឈដ្ឋានអភិជន ឬថ្នាក់លើខ្មែរដូចករណីវាយកូនគោលសព្វថ្ងៃអញ្ចឹង៕

No comments

Powered by Blogger.