Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រជុំជាមួយក្រុមបេសកកម្ម ដើម្បីតាមដាន និងត្រួតពិនិត្យ​វឌ្ឍន​ភាព​នៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ដែលមានថវិកាសរុប ១៩២,៧១លាន ដុល្លារ​អាមេរិក

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


 រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្ម នៃធនាគារអភិវឌ្ឍន៍ អាស៊ី ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២​ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅទៅស្ដីការក្រសួង ។     

លោក Takeshi Fukayama ប្រធានក្រុមបេសកកម្ម និងមន្រ្ដីជាន់ខ្ពស់ផ្នែក ដឹកជញ្ជូននៃការិយាល័យ កណ្ដាលធនាគាអភិវឌ្ឍន៍​​អាស៊ី បានវាយតម្លៃខ្ពស់ ចំពោះមន្រ្ដីអនុវត្តគម្រោង ធ្វើឲ្យគម្រោងនេះ មានភាព​រលូន ហើយសង្ឃឹមថា នឹងបានសម្រេចតាមផែនការដែលបានគ្រោងទុក ទោះជាមានភាពយឺតយ៉ាវបន្តិច បន្ទួច ក្នុងផ្នែកនីតិវិធីលទ្ធកម្ម និងកត្តាបម្រែបម្រួលអាកាសធាតុ ក៏ដោយ។ ជាមួយគ្នានេះ លោក បានស្នើ​សុំឲ្យអង្គភាពគ្រប់គ្រងគម្រោង បន្តសហប្រតិបត្តិការបន្ថែមទៀត ជាមួយទីប្រឹក្សាបច្ចេកទេស និងជួយជំ រុញក្រុមហ៊ុនទទួលម៉ៅការពន្លឿន សកម្មភាពសាងសង់ ឲ្យបានទាន់ពេលវេលា ដែលបានគ្រោងទុក និង​ធានា​ឲ្យបានតាមគោលការសុវត្ថិភាពសង្គម។


​លោករដ្ឋមន្ត្រី មានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ៥ឆ្នាំ គឺពីឆ្នាំ ២០១៦ ដល់ ២០២០ មានថវិកាសរុប ១៩២,៧១លាន ដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank) រដ្ឋាភិបាលអូស្រ្ដាលី (Australian Govenement) មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)  និងមូល​និធិ​​អាកាស​ធាតុ ជាយុទ្ធសាស្រ្ដ (Strategies Climate Fund) សម្រាប់កែលម្អផ្លូវក្រាលក្រួសក្រហម​នៅជនបទ ប្រវែង ១២០០គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង  នៅក្នុងខេត្ត​គោលដៅទាំង ១០ គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពី កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ លោករដ្ឋមន្រ្ដី បានបន្តទៀតថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ នេះ មានដំណើរការយ៉ាងរលូន  និងសូមឲ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀត។

លោករដ្ឋមន្ត្រី បានសំណូមពរសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank) ជួយពន្លឿនសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅការចាប់ផ្ដើមអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣។

​បន្ទាប់ពីបានពិភាក្សាវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តគម្រោង កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា​ដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Takeshi Fukayama ​មន្រ្ដី​ជាន់ខ្ពស់​ផ្នែកដឹកជញ្ជូននៃការិយាល័យកណ្ដាលធនាគាអភិវឌ្ឍន៍​​អាស៊ី៕

No comments

Powered by Blogger.