Header Ads

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យផ្លូវនៅស្រុកកំចាយមារ និងស្រុកកញ្ជ្រាច ខេត្តព្រៃវែង

ខេត្តព្រៃវែងៈ

ដោយ៖ ហុង ចំណាប់


 រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្ដីជំនាញ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅស្រុកកំចាយមារ និងស្រុកកញ្ជ្រាចខេត្តព្រៃវែង កាលពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

​លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអផិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា  ផ្លូវ​ប្រភេទ DBST ដែលកំពុងស្ថាបនានា ពេលនេះ មានប្រវែង ៧គីឡូម៉ែត្រ និង៤០០ម៉ែត្រ ជាគម្រោង របស់​ក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែកនៅឆ្នាំ២០១៨នេះ ជំហានទី១ កំពុងស្ថាបនាប្រវែង ២ គីឡូ​ម៉ែត្រ និង៥០០ ម៉ែត្រប៉ុណ្ណោះ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិក្របៅជួរ ឆ្ពោះទៅភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ លទ្ធផលសម្រេចបានប្រមាណ ៦០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​​២០១៨ អនុ​វត្តដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ​។


ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន និងសហការី ក៏បានអញ្ជើញទៅពិនិត្យផ្លូវក្រាលក្រួសក្រហមមួយខ្សែទៀត​​ដែល​អនុវត្តដោយកងកម្លាំងវិស្វកម្មក្រសួងមហាផ្ទៃ មានប្រវែង ១០គីឡូម៉ែត្រ និងសំណង់លូដោះទឹកគ្រប់​ប្រភេទ ១៥កន្លែង ស្ថិតនៅក្នុងឃុំចំនួន ៣ គឺឃុំ ក្ដឿងរាយ ឃុំគោកគង់កើត និងឃុំជាច ក្នុងភូមិសាស្រ្ដ​ស្រុក​កញ្ជ្រាច និងស្រុកកំចាយមារ  ខេត្តព្រៃវែង ។ ​

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងវិស្វកម្ម ក្នុងការ កសាងហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូន​ផលិត​ផលបានទាន់ពេលវេលា។ ឯកឧត្ដម បានបន្តថា សម្ដេច នាយករដ្ឋមន្រ្ដី មានចក្ខុវិស័យវែងឆ្ងាយ ដើម្បី​បង្ខិត​គម្លាតឲ្យកាន់តែជិតរវាងអ្នករស់នៅទីប្រជុំជន និងអ្នករស់នៅតំបន់ដាច់ស្រយាល តាមរយៈការ​កសាង​ផ្លូវ ថ្នល់ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។


លោករដ្ឋមន្រ្ដី បានបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ​ ដែលមានលំនៅដ្ឋាន​តាម​ដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដី បច្ចេក​ទេស ប្រចាំការនៅការដ្ឋានអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស​ដើម្បីធានាបាន​ទាំងគុណភាព និងសោភ័ណ្ឌភាព៕

No comments

Powered by Blogger.